សម្ដេចក្រឡាហោម ស ខេង ណែនាំមន្ត្រីនគរបាលចរាចរណ៍ ត្រូវចេញវិក័យបត្រឱ្យបានត្រឹមត្រូវ រាល់ការផាកពិន័យ
ព័ត៌មានជាតិ
96

ខេត្តកណ្ដាល ៖ យោងតាមផេកផ្លូវការ ក្រសួងមហាផ្ទៃ Ministry of Interior Cambodia បានឲ្យដឹងថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានណែនាំដល់មន្ត្រីនគរបាលចរាចរណ៍ ត្រូវចេញវិក័យបត្រឱ្យបានត្រឹមត្រូវ ស្របតាមមាត្រាច្បាប់ដែលបានចែង រាល់ការផាកពិន័យ ជៀសវាងការយកច្បាប់ចរាចរណ៍ធ្វើជាអាជីវកម្ម ដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួន។

នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៤ នៅខេត្តកណ្តាល នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលជាអ្នកប្រើប្រាស់ផ្លូវគ្រប់រូប ក៏ដូចជាក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ឱ្យចូលរួមគោរពអនុវត្តតាមអនុសាសន៍ដ៍ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ថា “ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍”។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា “មន្ត្រីនគរបាលចរាចរណ៍ទាំងអស់ ត្រូវធ្វើការពន្យល់ អប់រំណែនាំប្រជាពលរដ្ឋមុននឹងធ្វើការផាកពិន័យបទល្មើសចរាចរណ៍ និងត្រូវគោរពសិទ្ធិប្រជាពលរដ្ឋ។ ការផាកពិន័យបទល្មើសចរាចរណ៍ត្រូវផ្អែកលើគោលការណ៍ច្បាប់ដែលមានជាធរមាន និងអនុវត្តឱ្យបានស្មើភាពគ្នា ដោយមិនប្រកាន់ ឬបែងចែកបក្ខពួកនោះទេ។ ទន្ទឹមនេះ រាល់ការផាកពិន័យត្រូវចេញវិក័យបត្រ និងយោងមាត្រាច្បាប់ឱ្យបានត្រឹមត្រូវ ជៀសវាង ការយកច្បាប់ចរាចរណ៍ធ្វើជាអាជីវកម្ម ដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួន”។

សម្ដេចក្រឡាហោម បានបន្ថែមថា អាជ្ញាធរមូលដ្ឋាននៅទូទាំងរាជធានី-ខេត្តទាំងអស់ ត្រូវខិតខំធ្វើការផ្សព្វផ្សាយ អប់រំច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋគ្រប់ៗគ្នា។ ជាពិសេស ត្រូវយកចិត្តទុកដាក់ និងពិនិត្យឡើងវិញចំពោះអាជីវកម្មមួយចំនួនដែលបង្ករផលរំខាន ឬផលប៉ះពាល់ដល់សុវត្ថិភាពចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈរបស់ប្រជាពលរដ្ឋ និងពិនិត្យមើលចំពោះ ការផ្សព្វផ្សាយផលិតផលទាំងឡាយណាដែលមានឥទ្ធិពលអវិជ្ជមាន ឬហានិភ័យដល់សុវត្ថិភាពចរាចរណ៍។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានអំពាវនាវឱ្យអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក រាជធានី-ខេត្ត ដែលមានកំណើនខ្ពស់នូវគ្រោះថ្នាក់ចរាចរណ៍ និងជនរងគ្រោះ ត្រូវចាត់ វិធានការឱ្យបានម៉ឺងម៉ាត់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ជាបន្ទាន់តាមទិសដៅការងារឆ្នាំ២០២៣ របស់ គ.ស.ច.គ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា 


Telegram