ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា គឺជាប្រតិបត្តិករតែមួយគត់ដែលបាននាំត្រឡប់មកវិញនូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ និងឯកភាពទឹកដី
ព័ត៌មានជាតិ
134

យោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាន បានឲ្យដឹងថា នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញនេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល។

ឆ្លៀតនាឱកាសនោះ ឯកឧត្តម ប្រធានយុវជនគណបក្សថ្នាក់កណ្តា បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាប្រតិបត្តិករតែមួយគត់ដែលបាននាំត្រឡប់មកវិញនូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ ឯកភាពទឹកដី ដែលយើងបានបាត់បង់ជាង ៥០០ ឆ្នាំកន្លងមកហើយ និងបាននាំមកនូវសម័យកាលដ៏រុងរឿងដូចពេលបច្ចុប្បន្ន ជា “សម័យតេជោសន្តិភាព”។ គណបក្សប្រជាជនកម្ពុជា តែងបានប្រកាន់ខ្ជាប់នូវគោលនយោបាយបើកចំហរ និងមូលដ្ឋាននៃការបង្រួបបង្រួមជាតិ ដោយមិនយកខ្មែរណាជាសត្រូវ ហើយអាចរួមរស់នៅជាមួយគ្នាក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ។ ជាក់ស្តែង កន្លងមក សង្គ្រាមផ្នែកយោធាត្រូវបានបញ្ចប់ ហើយរហូតមកដល់បច្ចុប្បន្ន គណបក្សប្រជាជនកម្ពុជាក៏នៅបន្តឈ្នះសមរភូមិបេះដូងប្រជាពលរដ្ឋ តាមរយៈអំពើល្អរបស់មន្ត្រីបក្សគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋយ៉ាងសស្រាក់សស្រាំតាមគ្រប់យន្តការ និងគ្រប់លទ្ធភាព។

ក្នុងនាមជាសកម្មជនយុវជនរបស់គណបក្សប្រជាជនកម្ពុជា, ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានក្រើនរំលឹកថា យើងគ្រប់គ្នាមានតួនាទីចូលរួមចំណែកការពារស្នាដៃ និងសមិទ្ធផលនានារបស់បក្ស និងបន្តខិតខំអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នូវរាល់គោលនយោបាយ និងទិសដៅផ្សេងៗរបស់គណបក្ស ដើម្បីធានាការពារផលប្រយោជន៍ជាតិ និងបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាដើម្បីលើកកម្ពស់កិត្តិយស និងកិត្យានុភាពស្មើមុខស្មើមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិ។

ក្នុងពិធីនោះផងដែរ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករព្ញកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំគណបក្សទាំងអស់ ជូនចំពោះសមាជិក-សមាជិកាគណបក្ស ជាពិសេសក្រុមការងារយុវជន និងសកម្មជនយុវជនគណបក្ស ដែលជាចលករនៃការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់គោលនយោបាយរបស់គណបក្សក្នុងការបម្រើជាតិ និងប្រជាជន និងជាកម្លាំងស្នូលចូលរួមចំណែកជាមួយកម្លាំងសរុបរបស់គណបក្ស ដើម្បីយកឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា នាពេលខាងមុខនេះផងដែរ៕


Telegram