ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគូសបញ្ជាក់សារជាថ្មី ដោយលើកឡើងថា ករណីកម្មករ ខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃមិនត្រូវបានបណ្តេញចេញដូចអ្វីដែលលើកឡើងកាលពីពេលមុននោះទេ តែផ្ទុយទៅវិញខាងភាគីថៃថែមទាំងជួយសម្រួល និងយកចិត្តទុកដាក់ថែមទៀត។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីមកពីរោងចក្រសហគ្រាសចំនួន៥ ក្នុងស្រុកសាមគ្គីមានជ័យ និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា៖ «ខ្ញុំសូមអបអរសាទជាមួយព័ត៌មានដែលទទួលបានពីរឿងកម្មករខ្មែរធ្វើការនៅថៃ ដែលពីមុនខ្ញុំបានកង្វល់ស្តីពីបក្សឆ្ពោះទៅមុខដែលឮពាក្យថាមានបំណងបណ្តេញកម្មករខ្មែរ និងឡាវចេញពីថៃ។ តែពីម្សិលមិញបានបញ្ជាក់មិនមានការដេញចេញទេ ថែមទាំងសម្រួលថែមទៀតផង»។ សម្តេចតេជោបានមានប្រសាសន៍ថា នៅពេលទទួលបានព័ត៌មាននេះហើយ កម្ពុជាលែងព្រួយបារម្ភទៀតហើយចំពោះការបណ្តេញចេញកម្មករ កម្មការិនីដែលកំពុងធ្វើការនៅប្រទេសថៃ។
សម្តេចតេជោនាយករដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា៖ «ខ្ញុំត្រូវតែឈឺឆ្អាលចំពោះរឿងនេះប្រសិនបើរឿងទាក់ទងនឹងការបណ្តេញចេញ ឬបញ្ឈប់ការងារ ឬទាក់ទងនឹងអត្ថប្រយោជន៍ចំពោះកម្មករ កម្មការិនីនៅក្រៅប្រទេស»។ សម្តេចតេជោក៏បានអរគុណចំពោះការបញ្ជាក់របស់គណបក្សនយោបាយក្រោយៗដែលឈ្នះឆ្នោត ហើយសម្ដេចមានការពេញចិត្តជាមួយនឹងការបកស្រាយថា នឹងមិនមានការបណ្តេញពលករខ្មែរចេញពីប្រទេសថៃនោះទេ។ សម្តេចតេជោក៏បានសម្តែងនូវក្តីសង្ឃឹម និងជឿជាក់ថា កិច្ចសហប្រតិបត្តិការទាក់ទិននឹងកម្មករអន្តោប្រវេសន៍ដែលជាកិច្ចព្រមព្រៀងស្ថិតក្នុងក្របខណ្ឌសម្រុះសម្រួលអាស៊ានត្រូវបានការពារចំពោះកម្មករ។ សម្ដេចតេជោអះអាងថា នៅក្នុងប្រទេសកម្ពុជាក៏មានកម្មករបរទេសកំពុងធ្វើការផងដែរ ដូច្នេះយើងក៏បានយកចិត្តទុកដាក់ការពារពួកគេផងដែរ។ សម្តេចតេជោនាយករដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា៖ «ចំណុចទាំងនេះគឺជាចំណុចដែលខ្ញុំសូមបញ្ជាក់ជូនឱ្យដឹង ហើយឆ្លើយតប និងលើកទឹកចិត្តដល់បក្សដែលមានសំឡេងឆ្នោត ខណៈខ្ញុំមិនទាន់បានដឹងថា បក្សមួយណាមានសំឡេងឆ្នោតច្រើននោះទេ។ ប៉ុន្តែយ៉ាងណាក៏ដោយយើងបានការបញ្ជាក់ ពីគណបក្សនយោបាយមួយ ថាគ្មានបញ្ហាចំពោះរឿងកម្មករនេះទេ»៕