រាជធានីភ្នំពេញ៖ គ្រឿងញៀនចំនួនជិត ៦តោន ក្នុងចំណោមគ្រឿងញៀន សារធាតុគីមីផ្សំ និងសារធាតុគីមី ទម្ងន់សរុប ៣៤២តោន ២៥៧គីឡូក្រាម និង៦១៨.៦០ក្រាម ដែលរឹបអូសបានពីបទល្មើសគ្រឿងញៀន ៤៧សំណុំរឿង ក្នុងរាជធានីភ្នំពេញ ត្រូវបានដុតបំផ្លាញចោល នៅក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅកោះពេជ្រ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាកច្រកម្ពុជា ប្រារ្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
បើយោងតាមរបាយការណ៍របស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាបប់គ្រឿងញៀនសរុបមានចំនួន ៦តោន ៦៧២គីឡូក្រាម ៥១៣.១៧ក្រាម។ ខណៈល្បាយសារធាតុញៀន និងសារធាតុគីមីផ្សំ សារធាតុគីមីដែលត្រូវកម្ទេច ដោយវិធីបន្សាប មានចំនួន ៣៣៦តោន ៥៤៤គីឡូក្រាម ៥១៩.១៣ក្រាម។ ប៉ុន្តែតាមលក្ខណៈបច្ចេកទេស និងសុវត្ថិភាពក្នុងការបំផ្លាញចោលនេះ គណៈកម្មាការដុតបំផ្លាញគ្រឿងញៀន និងមន្ទីរពិសោធន៍ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសម្រេចបំផ្លាញគ្រឿងញៀននៅចំពោះមុខ ដោយវិធីសាស្ត្រដុតនូវសារធាតុញៀន និងសារធាតុគីមីទម្ងន់ចំនួន ៥តោន ៧១៣គីឡូក្រាម និង០៩៩.៤៧ក្រាមប៉ុណ្ណោះ។ រីឯសារធាតុញៀន សារធាតុគីមី និងសារធាតុគីមីផ្សំដែលជាសារធាតុរំលាយ ហើយជាអាស៊ីត និងគីមីពុលឆាបឆេះខ្លាំង មិនអាចធ្វើការបំផ្លាញតាមវិធីសាស្ត្រដុតបាន គឺគណៈកម្មការដុតបំផ្លាញគ្រឿងញៀន សម្រេចប្រគល់ជូនអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីបន្សាប និងបំផ្លាញចោលតាមលក្ខណៈបច្ចេកទេស នាពេលក្រោយទៀត។
លោកព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា «សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅមានសំណុំរឿងគ្រឿងញៀនកំពុងចាត់ការ និងជាប់បណ្ដឹងឧទ្ធរណ៍ជាច្រើនទៀត ដែលនាពេលខាងមុខគណៈកម្មការនឹងរៀបចំដុតបំផ្លាញ ជាបន្តបន្ទាប់តាមដំណាក់កាល នៅពេលទទួលបានសេចក្ដីសម្រេចរបស់តុលាការ»។
សម្រាប់ឆ្នាំ២០២៣នេះ ទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «ប្រជាជនជាចម្បង៖ បញ្ឈប់ការរើសអើង និងការមាក់ងាយអ្នកញៀនគ្រឿងញៀន, ពង្រឹងការងារ អប់រំបង្ការ» ក្នុងគោលបំណងផ្ដោតការយកចិត្តទុកដាក់ឱ្យកាន់តែស៊ីជម្រៅ តាមរយៈការផ្ដល់អាទិភាពដល់ប្រជាជន ឬការចាត់ទុកប្រជាជជនជាមូលដ្ឋាន ក្នុងការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ដ្រ ផែនការសកម្មភាព និងវិធានការផ្សេងៗទៀត ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន៕