ខេត្តព្រៃវែង ៖ ឯកឧត្តម ប៉ុល រតនា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង និងលោក សុវណ្ណ សុខា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយឃុំចុងអំពិល និងសមាជិក សមជិការ គណបក្សឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ចំនួន ២៥០នាក់ ដង្ហែរក្បួនឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ក្នុងមូលដ្ឋាន ក្នុងថ្ងៃទី១ នៃយុទ្ធនាការឃោសនាបោះឆ្នោត ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ដោយប្រើប្រាស់រថយន្ត៦គ្រឿងដឹកសមាជិកក្នុងឃុំ ម៉ូតូ១០០គ្រឿង រថយន្តឆៃយ៉ាំ បាស់ និងយានជំនិះ របស់សមាជិក សមាជិកា ជាច្រើនគ្រឿងផងដែរ ខណៈអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា មានចំនួនច្រើនលើសលប់ បានចូលរួមក្នុងយុទ្ធនាការហែរក្បួនឃោសនា ស្វែងរកសំឡេងឆ្នោត បើគិតក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញប្រកាសបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលមានសមាជិក សមាជិកា ចូលរួមប្រមាណជាង៧ម៉ឺននាក់ ជួបជុំនៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា នៅថ្ងៃទី១ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣នេះ មានគណបក្សនយោបាយចំនួន៤ បានបើកយុទ្ធនាការហែក្បួន និងឃោសនាបោះឆ្នោតនៅរាជធានីភ្នំពេញ ខណៈគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ដោយមានសមាជិកសរុបជាង ៧ម៉ឺននាក់។
សូមបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណិតទី៧ នឹងមានរយៈពេល២១ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ហើយការបោះឆ្នោតនៅទូទាំងប្រទេសនឹងធ្វើឡើងនៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣។
ការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រអាណត្តិទី៧ មានគណបក្សចំនួន១៨ ចូលរួមប្រកួតប្រជែង ៕