យោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្តម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា តាមរយៈទីភ្នាក់ងារសារព័ត៌មានកម្ពុជា នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ បានប្រកាសច្រានចោលនូវរូបភាពមួយចំនួនដែលជារូបភាពចាស់ ហើយនៅមានការបន្តចែកចាយខ្លះៗនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកនៅឡើយ ក្នុងន័យមិនល្អសំដៅដល់ការងារគ្រប់គ្រង និងថែរក្សាតំបន់រមណីយដ្ឋានអង្គរ របស់អាជ្ញាធរជាតិអប្សរា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម បានបន្ថែមថា៖ “តាមពិតទៅរូបភាពទាំងនោះ គឺបានកើតឡើងតាំងពីទសវត្សរ៍ទី៩០ឯណោះ ហើយដែលមិនបានកើតឡើងនៅរមណីយដ្ឋានអង្គរនោះទេ គឺនៅប្រាសាទព្រះខ័នកំពង់ស្វាយឯណោះទេ។ បច្ចុប្បន្ននេះ យើងមានអង្គភាពនគរបាលការពារបេតិកភណ្ឌដែលនៅគាត់ប្រចាំការនៅរមណីយដ្ឋានអង្គរ ដោយប្រចាំការ២៤ម៉ោងលើ២៤ម៉ោងនៅទីនេះ ដោយខិតខំថែរក្សាសុវត្ថិភាពទាំងភ្ញៀវទេសចរ និងប្រាង្គប្រាសាទ ដូច្នេះការងារនេះគឺយើងខ្ញុំខិតខំការពារណាស់”។
ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា ចំពោះបញ្ហាសំណឹកថ្មប្រាសាទ រូបចម្លាក់ តួប្រាសាទ ។ល។ ដោយសារកត្តាអាកាសធាតុ ឬការប៉ះពាល់ផ្សេងៗពីសំណាក់ភ្ញៀវទេសចរ ជារឿងដែលចៀសមិនរួច ប៉ុន្តែក្រុមការងាររបស់អាជ្ញាធរជាតិអប្សរាបាននិងកំពុងធ្វើការងារថែទាំទាំងនេះដោយយកចិត្តទុកដាក់បំផុត៕