សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យបញ្ឈប់លុបចោលទាំងស្រុង Account Tik Tok ដែលយកឈ្មោះសម្ដេចទៅប្រើប្រាស់
ព័ត៌មានជាតិ
84

រាជធានីភ្នំពេញ ៖ យោងតាមការចេញផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យបញ្ឈប់លុបចោលទាំងស្រុង Accoun Tik Tok ដែលយកឈ្មោះសម្ដេចទៅប្រើប្រាស់ បើមិនដូច្នោះទេ នឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយមិនអាចលើកលែងនោះទេ។

ក្នុងសារជាសំឡេងតាមតេឡេក្រាមមព្រឹកថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២៣ ផ្ញើជូនបងប្អូន ដែលបានយកឈ្មោះសម្ដេចទៅបង្កើត Account Tik Tok នោះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្ដេចគិតថា បងប្អូនពិតជាមិនមានបំណងអាក្រក់ណាមួយចំពោះសម្ដេចទេ។

ក៏ប៉ុន្តែការធ្វើបែបនេះអាចធ្វើឱ្យមានការប៉ះពាល់ ប្រសិនបើមានការធ្វេសប្រហែស យើងឃើញរាប់សិបគណនីក្លែងក្លាយដែលយកឈ្មោះសម្ដេចទៅប្រើ។ ដូច្នេះ សម្ដេចតេជោបានស្នើសុំឱ្យលុបចោលទាំងអស់ មិនថារូបភាពណាទេ។

បើមិនដូច្នោះទេ សម្ដេចតេជោ នឹងចាត់វិធានការចាំបាច់នានា ដើម្បីធានាថាណ គណនី Tik Tok ឈ្មោះសម្ដេច ហ៊ុន សែន គឺមានតែសម្ដេចតែម្នាក់តែប៉ុណ្ណោះ សូម្បីតែសម្ដេច ហ៊ុន សែន ហ្វេ្រន ក៏មិនឱ្យមានដែរ។

សម្ដេចតេជោបញ្ជាក់ថា សម្ដេចមិនចាំបាច់មានជាផេកណា ជាគណនីគាំទ្រនោះទេ ប៉ុន្តែសម្ដេចត្រូវការភាពជាក់លាក់មួយ នៃការធ្វើសកម្មភាពដោយផ្ទាល់ជាគណនីយរបស់សម្ដេច។ សម្ដេចតេជោនប្រសាសន៍បន្ត ដោយស្នើឱ្យប្រភេទ Accoun Tik Tok ក្លែងក្លាយ ដែលយកឈ្មោះសម្ដេចទៅប្រើ បញ្ឈប់លុបចោលទាំងស្រុង នូវគណនីយដែលយកឈ្មោះសម្ដេចទៅប្រើនេះ ដែលវានឹងបង្កើតឱ្យមានការភ័ន្តច្រឡំមួយយ៉ាងធំ។

ដូច្នេះ ស្នើឱ្យជំនួយការរបស់សម្ដេចធ្វើការបន្ទាន់ ជាមួយនិងក្រុមហ៊ុន Tik Tok ក៏ដូចជា បងប្អូនដែលទទួលបាននូវសារសំឡេងនេះហើយ ត្រូវលុបចោលជាបន្ទាន់ បើមិនដូច្នោះទេ សម្ដេចនឹងចាត់ការតាមផ្លូវច្បាប់ ដោយមិនអាចលើកលែងបានទេ ព្រោះវាអាចនឹងមានការយល់ខុស នៅពេលដែលបង្ហោះសារ ឬបង្ហោះរូបភាពចេញទៅតាមរយៈគណនីដែលប្រើឈ្មោះសម្ដេច។

សម្ដេចតេជោបានគូសបញ្ជាក់ទៀតថា ឥឡូវនេះសម្ដេចចេញមកប្រើប្រាស់ Accoun Tik Tok របស់សម្ដេចផ្ទាល់ គឺសម្ដេចនឹងបង្ហោះខ្លួនឯង ឬជំនួយការរបស់សម្ដេចចូលបង្ហោះ ប៉ុន្តែភាគច្រើនសម្ដេចនឹងបង្ហោះខ្លួនឯង តាមរយៈសារខ្លីៗ ឬ ក៏រូបភាពខ្លីៗ ទៅតាមចិត្តចង់របស់សម្ដេច។

ព្រោះគ្មានអ្នកណាមកត្រួតត្រាសម្ដេច មកតាមដានលើរឿងរ៉ាវរបស់សម្ដេច ដូចកាលពីពេលមុននោះទៀតទេ។ ដូច្នេះ សម្ដេចគិតថាបងប្អូនទាំងនោះមិនមានចិត្តអាក្រក់ និងមិនមានបំណងអាក្រក់ណាមួយទេ ស្រឡាញ់សម្ដេច ប៉ុន្តែបានយកឈ្មោះសម្ដេចទៅប្រើ ទៅលើ Account Tik Tok របស់ខ្លួន។

អីចឹង សូមឱ្យបងប្អូនយកចិត្តទុកដាក់លុបចោលជាបន្ទាន់ ហើយធ្វើនៅក្នុងថ្ងៃនេះតែម្ដង ដោយមិនរង់ចាំពេលណាទេ។ បងប្អូនដែលមិនអាចដូរឈ្មោះបាន ត្រូវលុបចោល បងប្អូនដែលមិនចង់លុប ត្រូវដូរឈ្មោះចេញ កុំទុកឈ្មោះសម្ដេចឱ្យសោះ សូម្បីតែ សម្ដេច ហ៊ុន សែន ហ្វ្រេន ក៏ត្រូវតែលុបចោលដែរ គឺមិនត្រូវទុកនោះទេ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្ថែមថា រាប់សិបគណនីបែបនេះ គឺមិនអាចទទួលយកបានទេ វាបង្កើតឱ្យមានបញ្ហាភ័ន្តច្រឡំក្នុងចំណោមអ្នកប្រើប្រាស់Tik Tok ដូចគ្នា៕ដោយ៖ ជឹម ណារី


Telegram