AKP ភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្ហរះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ការសម្ពោធវិមានរម្លឹកវិញ្ញាណក្ខន្ធយុទ្ធជនស្ម័គ្រចិត្តខ្មែរ និងបារាំងទាំង ១៩៨ នាក់ ដែលបានពលីជីវិតក្នុងសង្រ្គាមលោក ចន្លោះពីឆ្នាំ ១៩១៦ ដល់ឆ្នាំ ១៩១៨ គឺជាការដាស់តឿនកុលបុត្រខ្មែរ ដែលជាទំពាំងស្នងឫស្សីគ្រប់រូប ឱ្យស្គាល់តម្លៃនៃសន្តិភាព ដែលជាគុណតម្លៃសកលនៃមនុស្សជាតិ ហើយត្រូវចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់នូវគ្រប់ឧបាយកល ដែលបង្កឱ្យមានសង្រ្គាម និងអស្ថិរភាពសង្គម ជាពិសេសត្រូវសាមគ្គីគ្នា ថែរក្សាសន្តិភាពនេះឱ្យនៅស្ថិតស្ថេរយូរអង្វែងច្រើនជំនាន់ តរៀងទៅដើម្បីភាពរីកចម្រើនរុងរឿងនៃប្រទេសជាតិយើង។
ក្នុងពិធីសម្ពោធ "វិមានរម្លឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្រ្គាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨"ដែលស្ថាបនាឡើងនៅឧទ្យាន ឡេអូប៉ូល សេដា សេនហ្គ័រ (សួនច្បារមុខស្ថានទូតបារាំង) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញនាព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចបានប្រកាសជាសាធារណៈអំពីការសម្រេចចិត្តសាងសង់វិមាននេះឡើងវិញ ក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅវិមានអេលីហ្សេ (Elyse) ជាមួយឯកឧត្តម អេមម៉ានូអែល ម៉ាក្រុង (H.E. Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេច កាលពីថ្ងៃទី១៣ ខែ ធ្នូ ឆ្នាំ ២០២២ ដើម្បីបង្ហាញនូវសាមគ្គីភាពមិត្តភាព កិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ បារាំង-កម្ពុជា។ សម្ដេចតេជោបានបញ្ជាក់ថា ការសម្ពោធនូវវិមាននេះ ធ្វើឡើងចំថៃ្ងនៃបុណ្យជាតិបារាំង ដែលរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជាសូមចូលរួមអបអរសាទរ។ ទន្ទឹមនេះដែរ ការសាងសង់វិមាននេះ ធ្វើឱ្យរាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលនយោបាយសេដ្ឋកិច្ច និងវប្បធម៌ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានវ័យចំណាស់ ៥៨៩ ឆ្នាំ មកហើយនោះ ក្លាយជារាជធានីប្រវត្តិសា្រស្ត ប្រកបដោយមោទនភាពជាមួយនឹង បេតិកភណ្ឌវប្បធម៌ដ៏គួរឱ្យចងចាំសម្រាប់មនុស្សគ្រប់ជំនាន់។
សម្ដេចតេជោគូសបញ្ជាក់ថា ដោយឡែកពេលនេះ រាជរដ្ឋាភិបាលសម្រេចបានការសាងសង់ឡើងវិញនូវ “វិមានរម្លឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្រ្គាមលោកលើកទី ១ ពីឆ្នាំ ១៩១៤ ដល់ឆ្នាំ១៩១៨” ដែលបានសាងសង់ដោយអាណាព្យាបាល បារាំងកាលពីឆ្នាំ១៩២៥ នៅសួនមុខស្ថានទូតសាធារណរដ្ឋបារាំង ក្នុងរាជធានីភ្នំពេញ ហើយដែលស្ថាបត្យកម្មនេះ ត្រូវបានបំផ្លាញ ចោលដោយរបបកម្ពុជាប្រជាធិបតេយ្យនៅអំឡុងឆ្នាំ១៩៧៥។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលបានប្រគល់សមិទ្ធផលថ្មីដ៏មានអត្ថន័យនេះ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីគ្រប់គ្រង និង ថែរក្សាហើយវិមាននេះ និងបង្កើននូវសោភណភាព និងបរិស្ថាន ទីក្រុងល្អ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងរាជធានីភ្នំពេញ ។
ជាមួយគ្នានេះ សម្ដេចតេជោក៏បានផ្តល់ការអនុញ្ញាតជូនស្ថានឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងទុកជាប្រយោជន៍ ក្នុងការប្រើប្រាស់វិមាននេះ ដើម្បីរៀបចំពិធីរម្លឹកខួបអនុស្សាវរីយ៍ ថ្ងៃបញ្ចប់សង្រ្គាមលោកលើកទី ១ និងពិធីផ្សេងៗទៀតផងដែរ។សម្ដេចតេជោគូសបញ្ជាក់បន្ថែមថា ឥទ្ធិពលនៃសុខសន្តិភាពបានធ្វើឱ្យរាជរដ្ឋាភិបាលសម្រេចបាន សមិទ្ធផលថ្មីៗជាច្រើនគួរជាទីមោទនៈ ជាពិសេសការធានាការពារ បូរណភាពទឹកដី ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គម ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់តាមបែប ប្រជាធិបតេយ្យ តាមរយៈការអនុវត្តន៍នយោបាយការបរទេសដោយឯករាជ្យ ផ្អែកលើច្បាប់និងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤០ និងទី ៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងឋានៈកម្ពុជា ជាប្រធានអាស៊ាន។ ទន្ទឹមនេះ សម្ដេចតេជោនាយករដ្ឋមន្រ្ដីក៏បានលើកឡើងផងដែរនាពេលកន្លងទៅថ្មីៗនេះកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ប្រកបដោយជោគជ័យត្រចះត្រចង់ ដោយបានផ្សព្វផ្សាយព្រឹត្តិការណ៍ដ៏អស្ចារ្យនេះទៅទូទាំងតំបន់ និងពិភពលោក ជាពិសេសបង្ហាញអំពីសក្តានុពល និងកិត្យានុភាព កម្ពុជាក្នុងការរៀបចំពិធីជាលក្ខណៈអន្តរជាតិបានពេញលេញ ប្រកបដោយថាមពល និងមានសុវត្ថិភាពនៅក្នុងបាវចនា “កីឡារស់ ក្នុងសន្តិភាព” “សន្តិភាពដើម្បីទាំងអស់គ្នាទាំងអស់គ្នា ដើម្បីសន្តិភាព” ។ ជាងនេះទៀត រាជរដ្ឋាភិបាលកម្ពុជាបានខិតខំអភិវឌ្ឍសង្គម-សេដ្ឋកិច្ចលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស ក្នុងនោះបណ្តាញផ្លូវក្រុង សួន និងសំណង់សាធារណៈ រួមមានសំណង់បេតិកភណ្ឌ សំណង់ប្រវត្តិសាស្រ្ត និងទីតាំងបុរាណនានា ដោយបានរំលេចនូវវប្បធម៌ ប្រពៃណី និងអរិយធម៌ ជាមួយនឹងការការពារ ការអភិរក្ស និងការ ស្ថាបនាឡើងវិញនូវរូបសំណាកបដិមា ឬ សំណង់បេតិកភណ្ឌវប្បធម៌ នៅតាមសួន និងទីតាំងសាធារណៈ។
គួររម្លឹកដែរថា វិមានរម្លឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្រ្គាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ឡើងវិញកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ក្រោមវត្តមានឯកឧត្តឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ឯកឧត្ដម អូលីវីយេ ប៊ីច (Olivier Becht) រដ្ឋមន្ត្រីប្រតិភូអមនៃក្រសួងអឺរ៉ុបនិងការបរទេសបារាំង។ វិមាននេះមានកម្ពស់សរុប ១២,៣ម៉ែត្រ ក្នុងនោះខឿនកម្ពស់ ១,៧០ម៉ែត្រ, ខឿនតម្កល់ ៣,២០ម៉ែត្រ តួកណ្តឹងធ្វើពីស្ពាន់កម្ពស់ ៤,៦០ម៉ែត្រ និងរូបបដិមាទាហានខ្មែរ និងបារាំងកម្ពស់ ២,៨ម៉ែត្រ។ វិមាននេះ ត្រូវបានសាងសង់ឡើងវិញ ដោយរក្សាតាមលំនាំដើមទាំងស្រុងដើម្បីអភិរក្សសំណង់បេតិកភណ្ឌប្រវត្តិសាស្ត្រនេះឱ្យបានល្អប្រសើរ។ រាជរដ្ឋាភិបាលកម្ពុជា-បារាំង បានចាត់ទុកថា វិមាននេះនឹងក្លាយជាកន្លែងរំលឹកដល់វិញ្ញាណក្ខន្ធរបស់ប្រជាជនកម្ពុជា និងបារាំង ដែលបានទទួលមរណភាពក្នុងបុព្វហេតុនៃប្រទេសបារាំង ដែលភាពក្លាហាន និងការលះបង់របស់ពួកគេ បានធ្វើឱ្យមានជ័យជម្នះនៅឆ្នាំ១៩១៨ នៅប្រទេសបារាំង និងជានិមិត្តរូបនៃចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រ កម្ពុជា -បារាំងថែមទៀតផង៕ដោយ៖ ជឹម ណារី