រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានធ្វើការឡោមព័ទ្ធទីតាំងផ្ទះសំណាក់មួយកន្លែងយីហោសួរស្ដី ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ ប្រុសស្រី ពាក់ព័ន្ធនឹងគ្រឿងញៀនជិត២០នាក់ ដកហូតសារញៀនធាតុមួយចំនួន រួមទាំងសម្ភារៈប្រើប្រាស់មួយចំនួន។
ប្រតិបត្តិការនេះ ដឹកនាំផ្ទាល់ដោយលោកវរៈសេនីយ៍ឯកទៀង ចាន់សា អធិការនគរបាលខណ្ឌដូនពេញបានធ្វើឡើងនៅវេលាម៉ោង ១២ និង៤០នាទីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចផ្ទះសំណាក់ យីហោ សួរស្តី ផ្ទះលេខ38A0 ផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីមន្ត្រីជំនាញអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានឲ្យដឹងថាមុនឈានដល់ការឡោមព័ទ្ធនៅចំណុចទីតាំងផ្ទះសំណាក់នេះដោយមានប្រជាពលរដ្ឋរាយការណ៍មកថានៅចំណុចផ្ទះសំណាក់យីហោ សួស្ដី មានក្រុមក្មេងស្ទាវមិនស្គាល់អត្តសញ្ញាណប្រមូលផ្ដុំ ពពាក់ពពួនគ្នាចេញចូលនៅក្នុងផ្ទះសំណាក់នេះដែលមានការសង្ស័យពាក់ព័ន្ធនឹងសារធាតុញៀនផងដែរ។
ក្រោយទទួលបានសេចក្ដីរាយការណ៍កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន រួចសុំគោលការណ៍ចុះឡោមព័ទ្ធចំណុចទីតាំងផ្ទះសំណាក់នេះនិងឈានដល់ការឃាត់ខ្លួនជនសង្ស័យប្រុសស្រីជិត២០នាក់និងដករហូតសារធាតុមានមួយចំនួនផងដែរ។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីជិត២០ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញនាំខ្លួនយកទៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីធ្វើការសួរនាំ កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ មេសា