រាជធានីភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ជ្រុលទៅប៉ះជាមួយកង់បីដួល រួចត្រូវរថយន្តធំមកពីក្រោយ កិនស្លាប់ភ្លាមៗជាប់ពីក្រោមកង់រថយន្តតែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៨និង៥៥នាទីយប់ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវវេងស្រេង ភ្លើងស្តុបសេះមាស ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមការបញ្ជាក់ពីពលរដ្ឋដែលធ្វើដំណើរស្របគ្នាបានឲ្យដឹងថា បុរសវ័យចំណាស់រងគ្រោះនេះមានឈ្មោះ វណ្ណ វ៉ន ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាក ភ្នំពេញ 1BS-8125 ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេងក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានបត់ស្តាំក្នុងគោលបំណងឆ្លងផ្លូវ តែមិនប្រយ័ត្នបានជ្រុលទៅបុកពីក្រោយកង់បីឥណ្ឌា មិនចាំស្លាកលេខ បណ្តាលឲ្យម៉ូតូជនរងគ្រោះដួល ស្របពេលនោះក៏មានរថយន្តកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 3B-0978 បើកក្នុងល្បឿនលឿន តាមបណ្ដោយផ្លូវវេងស្រេងក្នុងទិសដៅពីកើតទៅលិចបានមកពីក្រោយ កិនបុរសរងគ្រោះបណ្តាលឲ្យស្លាប់គាបជាប់ក្រោមរថយន្តតែម្តង ។ ចំណែក អ្នកបើកកង់បីឥណ្ឌានិងអ្នកបើករថយន្ត បានរត់គេចខ្លួនបាត់ស្រមោល បន្សល់តែរថយន្តប៉ុណ្ណោះ ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការវាស់វែងយកម៉ូតូរួមទាំងរថយន្តទៅរក្សាទុក ហើយបានប្រគល់សពអោយគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕

