ករណីព្រះសង្ឃគង់ក្នុងវត្តឈូកក្រពុំ លួចមានស្នេហាជាមួយនារីម្នាក់ហើយត្រូវបានផ្សឹក , អ្នកកាសែត០៣នាក់ ស្រវឹង ទាក់ពាក្យសម្តីជាមួយសមត្ថកិច្ច
សន្តិសុខសង្គម
55

ខេត្តកណ្តាល ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា សេចក្តីបំភ្លឺព័ត៌មាន!ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការបំភ្លឺឆ្លលយតបជូនសាធារណជន​ ទៅនឹងគេហទំព័រ Hero Man News ទាន់ហេតុការណ៍ បានចុះផ្សាយ​មានខ្លឹមសារថា៖​ អួតខ្លួនឯងជាមន្ត្រី ប៉ុន្តែគ្មានឯកសណ្ឋាន និងពាក់កាតសម្គាល់ខ្លួនត្រឹមត្រូវ ប្រើសម្ដីគ្មានសីលធម៌ វិជ្ជាជីវៈជាមន្ត្រីសោះ សូមគោរពជូនលោកឧត្តមសេនីយ៍ទោ​ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ជួយពិនិត្យមើល កូនចៅក្រោមឱវាទផងទាន។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ​ ឈឿន​ សុចិត្ត​ ស្នងការនគរបាលខេត្តកណ្តាល​ លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានបញ្ជាកម្លាំងជំនាញស្រាវជ្រាវពាក់ព័ន្ធការផ្សព្វផ្សាយព័ត៌មានខាងលើ ជាលទ្ធផល៖

កាលពីថ្ងៃទី​ ០៦​ ខែមិថុនា​ ឆ្នាំ២០២៥​ វេលាម៉ោង​ ១៤​:១៥នាទី​ នៅវត្តឈូកក្រពុំ​ ស្ថិតនៅភូមិខ្នា​ ឃុំទួលព្រេជ​ ស្រុកអង្គស្នួល​ ខេត្ត​កណ្តាល​ មានព្រះសង្ឃ១អង្គគង់ក្នុងវត្តឈូកក្រពុំ​ បានបារាជិក​ (លួចលាក់មានស្នេហាជាមួយនារីម្នាក់)​ ត្រូវបានចៅអធិការវត្តតាមទាន់​រួចឃាត់ប្រគល់ឱ្យ​ វត្តអង្គពពាយមានជ័យ​ ស្ថិតនៅភូមិត្រពាំងផ្លុង​ ឃុំក្រាំងម្កាក់​ ស្រុកអង្គស្នួល​ ខេត្ត​កណ្ដាល​ ជាសាលាអនុគណស្រុកអង្គស្នួល​ ដើម្បីអនុវត្តវិន័យសង្ឃ​។ ដោយមានសំណូមពរពីចៅអធិការវត្តអង្គពពាយមានជ័យ​ ព្រះអនុគណស្រុក​ ឱ្យកម្លាំងសមត្ថកិច្ចសួរនាំនារីដែលមានទំនាក់ទំនងស្នេហាជាមួយព្រះសង្ឃ​បារាជិក​។

លោកអធិការនគរបាលស្រុកអង្គស្នួល​ បានចាត់កម្លាំងផ្នែកជំនាញស្រុក ដឹកនាំដោយលោកស្រីអនុសេនីយ៍ទោ​ មឿន​ ផល្លីន​ អធិការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស​ ការពារអនីតិជននិងយេនឌ័រ​ រួមដំណើរដោយលោកវរសេនីយ៍ត្រី​ រេន​ រដ្ឋា​ នាយផ្នែកនគរបាលយុត្តិធម៌​ និងលោកអនុសេនីយ៍ឯក​ ប៊ុន​ វិសាល​ នាយផ្នែក​នគរបាលយុត្តិធម៌​ បានចុះទៅដល់វត្តអង្គពពាយមានជ័យ​ សួរបំភ្លឺនារីដែលមានទំនាក់ទំនងស្នេហាជាមួយព្រះសង្ឃ​បារាជិក​។ ករណីនេះពុំមានការប្តឹងផ្តល់ទេ​ ចំណែកព្រះសង្ឃបារាជិក​ ត្រូវបានសាលាអនុគណផ្សឹក​ចេញចាកផ្នួស​។

ក្នុងហេតុការណ៍នេះ​ ក៏មានអ្នកសារព័ត័មានចំនួនបីនាក់ភេទប្រុស​ ក្នុងស្ថានភាពស្រវឹង​ស្រា បានចុះទៅដល់វត្តឈូកក្រពុំ​ ហើយតាមមកដល់វត្តអង្គពពាយមានជ័យ​ ដើម្បីយកព័ត៌មាន។ ពេលមកដល់វត្តអង្គពពាយមានជ័យ​ អ្នកសារព័ត៌មានបានយកទូរសព្ទថត​ ពេលនោះមានព្រះសង្ឃនៅវត្តអង្គពពាយមានជ័យ​ បានប្រាប់មកលោកវរសេនីយ៍ត្រី​ រេន​ រដ្ឋា​ ដើម្បីជួយហាមអ្នកសារព័ត៌មានកុំឱ្យថត​ ពេលនោះលោកវរសេនីយ៍ត្រី​ រេន​ រដ្ឋា​ បានទូលទៅព្រះសង្ឃវិញថាការងារនេះជាសិទ្ធិរបស់ព្រះសង្ឃ​ បើគ្មានការអនុញ្ញាតគឺប៉ះពាល់ដល់សិទ្ធិបុគ្គលហើយ​។ ពេលនោះស្រាប់តែអ្នកសារព័ត៌មាន​ ខឹងច្រឡោតជាមួយលោកវរសេនីយ៍ត្រី​ រេន​ រដ្ឋា​ និងបានបដិសេធថាមិនបានថត​ទេ និងស្រែកសំឡុតខ្លាំងៗ​ ចំណែកលោកវរសេនីយ៍ត្រី​ រេន​ រដ្ឋា​ ក៏ប្រាប់ទៅវិញថា​មិនបានចោទថាអ្នកសារព័ត៌មាន​បានថតនោះទេ គាត់និយាយតែជាមួយសង្ឃទេ​ ហើយបើថតកុំថតប៉ូលីស​ ព្រោះប៉ូលីសមិនអនុញ្ញាតទេ​ឱ្យថតទេ​ ទើបធ្វើឱ្យមានទាក់ពាក្យសំដីខ្លាំងដាក់គ្នា​។ ដោយឮសំដីអ្នកសារព័ត៌មានស្រែកសំឡុតខ្លាំងៗ​ ទើបលោកវរសេនីយ៍ត្រី​ រេន​ រដ្ឋា​ និយាយថាបងទៅប៉ះជាមួយសមត្ថកិច្ចស្រុកណាខ្ញុំអត់ដឹងទេ​ តែបើប៉ះជាមួយសមត្ថកិច្ចស្រុកអង្គស្នួលមិនបានទេ​ រួចក៏ដើរចេញទៅ​។

ចំពោះលោកវរសេនីយ៍ត្រី​ រេន​ រដ្ឋា​​ បានស្លៀកពាក់ស៊ីវិល​មិនបានពាក់ឯកសណ្ឋាននគរបាលជាតិ ពេលចុះបំពេញភារកិច្ចនោះ។

អធិការដ្ឋាននគរបាលស្រុកអង្គស្នួល​ បានអញ្ជើញលោកវរសេនីយ៍ត្រី​ រេន​ រដ្ឋា​​ មកធ្វើការអប់រំតាមវិន័យកងកម្លាំងនគរបាលជាតិ លេខ៨៧៣​។

អាស្រ័យហេតុនេះ​ សូមសាធារណជនដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម​ និងបណ្តាញសារព័ត៌មានមេត្តាជ្រាបតាមការគួរ។


Telegram