រាជធានីភ្នំពេញ៖ យុវជនជានិស្សិតម្នាក់ រងរបួសធ្ងន់ បាក់ដៃ ជើង ត្រូវបានកងសង្រ្គោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យ ខណៈ ជិះម៉ូតូទាក់ដៃជាមួយកង់បីដួល ទៅនិងថ្នល់ ហើយត្រូវរថយន្តដឹកអ្នកដំណើរ មកពីក្រោយចាប់ហ្វ្រាំងមិនទាន់កិន ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ទួលពង្រ ភូមិត្រពាំងចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជនម្នាក់ឈ្មោះ សារិន ថារ៉ាត់ឆេង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជានិស្សិត មានទីលំនៅ ភូមិក្បាលកោះកើត ឃុំកោះខ្សាច់ទន្លេ ស្រុកស្អាង ខេត្តកណ្ដាល បានជិះម៉ូតូស្កូបពីពណ៌ស ពាក់ស្លាកលេខកណ្តាល1AN 0909 ធ្វើដំណើរតាមបណ្តោយផ្លូវ៣០ម៉ែត្រ ពីជើងទៅត្បូង ហើយបានជាមួយកង់បីឥណ្ឌាមួយគ្រឿងទៀត ទាក់ដៃចង្កូតបណ្តាលឲ្យដួលទៅនឹងថ្នល់ ពេលនោះ ក៏មានរថយន្តដឹកអ្នកដំណើរ ពណ៌លឿង ពាក់ស្លាកលេខរដ្ឋ37 -3-0179 មកពីក្រោយចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលកិនបណ្តាលឱ្យរងរបួសបាក់ដៃ និងជើងតែម្តង ត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១កងពលតូចលេខ៧០ដឹកបញ្ចូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។
ចំណែកម៉ូតូនិងរថយន្ត ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយបន្តតាមច្បាប់ ៕ អែល វិចិត្រ