រាជធានីភ្នំពេញ ៖ ជនសង្ស័យសរុបចំនួន ០៥នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ធ្វើការបង្ក្រាបបាន ពាក់ព័ន្ធ២ករណីផ្សេងគ្នា ក្នុងនោះមាន ៤នាក់ពាក់ព័ន្ធករណី គាស់យកដែកជញ្ជាំងទ្រុងរថយន្ត និងជនសង្ស័យម្នាក់ទៀត ពាក់ព័ន្ធករណីលួចកង់បីឥណ្ឌា ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីទី១ អំពើ លួចមានស្ថានទម្ងន់ទោសដោយការគាស់ទំលុះទំលាយ (គាស់យកដែកជញ្ជាំងទ្រុងរថយន្ត) កើតឡើងកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៦និង៤០នាទី ត្រង់ចំណុចដីឡូតិ៍គ្មានលេខ ផ្លូវទំនប់៧មករា ស្ថិតនៅភូមិពោធិ៍រលំ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយជនរងគ្រោះឈ្មោះ សំ សឿន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ ទីលំនៅភូមិពោធិ៍រលំ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ចំណែកជនសង្ស័យទាំង០៤នាក់ ឃាត់ខ្លួនបាននៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៤និង០០នាទី ត្រង់ចំណុចភូមិទួលសំបូរ សង្កាត់ ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ រួមមាន ៖ ទី០១ឈ្មោះ មែ ចិត្រា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិទូលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី០២ឈ្មោះ មាស សុភ័ក្ត្រា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិទូលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី០៣ឈ្មោះ ប៉ែន កំសត់ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិទូលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី០៤ ឈ្មោះ ជួប វិឆៃ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ ទីលំនៅ ភូមិព្រៃវែងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ(ជនសង្ស័យទាំង០៤នាក់ មានសារធាតុញៀន) ។
ក្នុងនោះ សម្ភារៈបាត់បង់ ៖ ដែកញ្ជាំងទ្រុងរថយន្តខាងឆ្វេង, ខាងស្តាំ និងដំបូលទ្រុង ។ ចំណែក វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកស៊ុយស៊ូគីស្មាស ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ1S-8823 សណ្តោងរ៉ឺម៉កចំនួន០១គ្រឿង , ដែកជញ្ជាំងទ្រុងរថយន្តទទឹង៦០សង់ទីម៉ែត្រ បណ្តោងប្រហែល៥,២៥ម៉ែត្រ ចំនួន០១ផ្ទាំង ។
សូមបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះ កំពុងនៅផ្ទះ ស្ថិតនៅភូមិពោធិ៍រលំ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ហើយឈ្មោះ សំ សាន ភេទប្រុស អាយុ៥៤ឆ្នាំ (ត្រូវជាបងប្រុសបង្កើតរបស់ជនរងគ្រោះ) បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដា Beat ពណ៌ស ចេញពីផ្ទះ ទៅមើលទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ដែលទុកនៅក្នុងដីឡូតិ៍គ្មានលេខ ស្ថិតនៅភូមិពោធិ៍រលំ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលឈ្មោះ សំ សាន ទៅដល់ក៏បានឃើញទ្រុងរថយន្តរបស់ជនរងគ្រោះ ត្រូវបានជនសង្ស័យមិនស្គាល់អត្តសញ្ញាណលួចគាស់ យកដែកជញ្ជាំងខាងឆ្វេង, ជញ្ជាំងខាងស្តាំ និងដំបូលខាងលើ បាត់ ទើបបងជនរងគ្រោះ បានទូរស័ព្ទប្រាប់ជនរងគ្រោះឱ្យបានដឹង និងតំណាងឱ្យជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសាក់សំពៅ ដើម្បីឱ្យសមត្ថកិច្ចយើងធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ។ លុះដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៤ វេលាម៉ោង១៤និង០០នាទី សមត្ថកិច្ចធ្វើការស្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលសាក់សំពៅ។ ក្រោយការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកគេ និងបក្ខពួកម្នាក់ទៀត ពិតជាបានធ្វើសកម្មភាពលួចដែកជញ្ជាំងទ្រុងរថយន្ត របស់ជនរងគ្រោះប្រាកដមែន ។
ចំណែកករណីទី២ លួច(ម៉ូតូកង់បីឥណ្ឌា) កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០៥និង០០នាទី ត្រង់ចំណុចផ្ទះលេខ 2R ផ្លូវបេតុង (បុរីហុកឆេង)ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ របស់ជនរងគ្រោះឈ្មោះ ព្រំ ដារ៉ាវុធ ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរ រត់ម៉ូតូកង់បីឥណ្ឌា ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន មានឈ្មោះ ឈួន គឹមណាវ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិហារ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកសម្ភារៈបាត់បង់ ស្លាកលេខ ភ្នំពេញ១GH ២២៨៩ ចំនួន០១។ សម្ភារៈបន្សល់ទុក ម៉ូតូកង់បីឥណ្ឌាម៉ាក BAJAJ3WRE4S LPG ពណ៍ស គ្មានស្លាកលេខ ចំនួន០១គ្រឿង ។
មុនពេលកើតហេតុ កាលពីថ្ងៃ២៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៧និង៣០នាទី ជនរងគ្រោះ បានទុកម៉ូតូកង់បីឥណ្ឌាម៉ាក BAJAJ3WRE4S LPGពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ១GH-២២៨៩ នៅខាងមុខផ្ទះដូចសព្វដង ប៉ុន្តែមិនបានដកកូនសោរម៉ូតូកង់បីឥណ្ឌា ចេញទេ។ លុះដល់វេលាម៉ោង០៥និង០០នាទី ឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២៤ ជនរងគ្រោះបានភ្ញាក់ពីដេកស្រាប់តែបាត់ម៉ូតូកង់បីឥណ្ឌា ខាងលើ រួចជនរងគ្រោះ បានមករាយការណ៍និងដាក់ពាក្យបណ្តឹងដើម្បីអោយសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យ។ រហូតដល់ម៉ោង១៦និង០០នាទីថ្ងែខែឆ្នាំដដែលសមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ឈួន គឹមណាវ ភេទប្រុស អាយុ២៣ឆ្នាំ ត្រង់ចំណុចរង្វង់មូលគួរស្រូវ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ និងវត្ថុតាង ម៉ូតូកង់បីឥណ្ឌា ម៉ាកBAJAJ
៣W RE៤S LPG ពណ៌ស គ្មានស្លាកលេខ ចំនួន០១គ្រឿង យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោធ្វើការសាកសួរតាមនីតិវិធីច្បាប់។
ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូកង់បីឥណ្ឌាម៉ាកខាងលើរបស់ជនរងគ្រោះប្រាកដមែន រួចជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីអោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ។
បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យ ហើយមានការសម្របសម្រួល ពីលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញបានអនុញ្ញាត ឱ្យសមត្ថកិច្ច ឃាត់ខ្លួនជងសង្ស័យខាងលើ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង ៕ អែលមេសា