រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលទាំងព្រឹក ខណៈក្រុមគ្រួសារ បានបាត់កូន ដើររកមិនឃើញសោះ លុះព្រឹកឡើងបែរជាអណ្តែតសាកសព នៅក្នុងស្រះទឹកក្នុងវត្តទៅវិញ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦ ព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចស្រះទឹកវត្តឬស្សីសាញ់ ផ្លូវបេតុង ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា សពក្មេងរងគ្រោះមានឈ្មោះ សាល សុខសាន្ត ភេទប្រុស អាយុ៥ឆ្នាំ ទីលំនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ អណ្តែតសព នៅក្នុងស្រះទឹក ក្នុងវត្តខាងលើ ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ច។
ភ្លាមៗគេឃើញមានសមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញ ផ្នែកកោសល្យវិច័យ ចុះធ្វើការស្រង់សាកសពក្មេងខាងលើ យកមកលើគោក និងធ្វើការពិនត្យយ៉ាងយកចិត្តទុកដាក់ ។
តាមការបំភ្លឺពីឈ្មោះ ស៊ឹម ពៅ ភេទស្រី អាយុ៥២ឆ្នាំ ជាជីដូនរបស់ជនរងគ្រោះបានឲ្យដឹងថា នៅវេលាម៉ោងប្រហែល៦ ខ្លួនបានដើរមកស្រះទឹកវត្តឬស្សីសាញ់ដើម្បីដួសត្រីងាប់នៅក្នុងស្រះដូចសព្វដង ស្រាប់តែប្រទះឃើញសាកសពចៅគាត់អណ្ដែតទឹក ទើបទៅប្រាប់កូន។
ដោយឡែកតាមការបំភ្លឺពីឈ្មោះ បុរី ណារិទ្ធ ភេទប្រុស អាយុ៩ឆ្នាំ ជាបងប្រុសជីដូនមួយរបស់ជនរងគ្រោះបានឲ្យដឹងថា នៅវេលាម៉ោងប្រហែល១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ជនរងគ្រោះបានដើរមិនពាក់ស្បែកជើងមកបបួលខ្លួនទៅអង្គុយលេងនៅមាត់ស្រះទឹក ពេលអង្គុយលេងបានមួយសន្ទុះ ខ្លួនក៏បានងើបដើរទៅកន្លែងយាយលក់ដូរក្នុងវត្ត ហើយប្រាប់ប្អូនប្រុសខ្លួនថាកុំចុះលេងទឹកប្រយ័ត្នលង់ទឹក រួចក៏ដើរចេញទៅ ហើយប្អូនប្រុសខ្លួននៅអង្គុយលេងមាត់ស្រះ, នៅវេលាម៉ោងប្រហែល១៤នឹង០០នាទី ថ្ងៃដដែល ស្រាប់តែម្ដាយប្អូនប្រុសខ្ញុំបានមកសួរនាំរកប្អូនប្រុស ខ្លួនក៏ថា មុននឹងឃើញនៅអង្គុយលេងនៅមាត់ស្រះទឹក, ទើបនាំគ្នាដើរទៅរកមើលតែមិនឃើញសោះ, លុះដល់ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ទើបដឹងថាប្អូនប្រុសខ្ញុំអណ្ដែតទឹកក្នុងស្រះទឹកវត្ត។
តាមការពិនិត្យស្រះទឹកនៅក្នុងវត្តឬស្សីសាញ់មានជម្រៅ៥ម៉ែត្រ នៅស្រះទឹកជ្រុងខាងកើតមានប្រឡោះសម្រាប់ដើរចុះទៅក្នុងស្រះទឹកបាន, ហើយនៅទឹកស្រះពីខាងកើតឃើញមានសាកសពជនរងគ្រោះអណ្ដែតទឹកផ្កាប់មុខ សពពាក់អាវយឺតដៃខ្លី ស្លៀកខោជើងខ្លី ខ្លួនប្រាណខោអាវសើម សាកសពមានសភាពរឹង, ស្បែកបាតដៃជើងជ្រីវជ្រូញ, មានទឹកហូរចេញតាមច្រមុះមាត់ នៅលើខ្លួនមិនមានស្លាកស្នាមអ្វីទេ។ ដូច្នេះតាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ សន្និដ្ឋានបានថា ស្លាប់ដោយសារលង់ទឹក និងប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ