នគរបាលខេត្តស្វាយរៀង ឃាត់ខ្លួន ក្មេងទំនើង ០២នាក់ ក្នុងចំណោមបក្សពួកផ្សេងទៀត បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ពាក់ព័ន្ធ ធ្វើសកម្មភាពបង្ករអុកឡុកដោយ ជិះម៉ូតូ យកកាំបិត-ដាវអូសនឹងថ្នល់នៅចំណុចស្រះវង់ ក្រុងស្វាយរៀង ។ករណីនេះកើតឡើងកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ក្រោយពីទទួលបានកិច្ចសហការល្អពីបងប្អូនប្រជាពលរដ្ឋផ្តល់ព័ត៌មាន។
យោងតាមផេកស្នងការនគរបាលខេត្តស្វាយរៀងបានបញ្ជាក់ថាក្រុមក្មេងទំនើង ០១ក្រុម មានគ្នាចំនួន ០៧នាក់ ជិះម៉ូតូ ០៣គ្រឿង បានធ្វើសកម្មភាពជិះម៉ូតូ យកកាំបិត-ដាវ អូសតាមផ្លូវ ថ្នល់នៅចំណុចស្រះវង់ ស្ថិតក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ភ្លាមៗនោះ ដោយអនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង និងក្រុងបាវិត បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនក្មេងទំនើងបានចំនួន ០២នាក់ ប្រុស ក្នុងចំណោមបក្សពួក ព្រមទាំងបានដកហូត អាវុធខ្លីប្រើគ្រាប់ជ័រ ០១ដើម, គ្រាប់ ២៣គ្រាប់, កាំបិត-ដាវ ០៨ដើម និងសម្ភារធ្វើសកម្មភាពមួយចំនួនទៀត។
នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើងទាំង០២នាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពបង្ករអុកឡុងដោយ ជិះម៉ូតូ យកកាំបិត-ដាវអូសនឹងថ្នល់នៅចំណុចស្រះវង់ពិតប្រាកដមែន។
សូឦបញ្ជាក់ថាបច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ និងកំពុងបន្តស្រាវជ្រាវរកបក្សពួកបន្ថែមទៀតយកមកចាត់ការតាមនីតិវិធីច្បាប់ផងដែរ៕