រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រួមទាំងព្រះសង្ឃ ខណៈក្មេងប្រុសម្នាក់ លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម នៅចំណុចប្រឡាយទឹកខាងកើតវត្តស្វាយមាស ភូមិភា សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ វេលាម៉ោង០៨និង២០នាទី ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤។
តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា សពក្មេងប្រុសខាងលើ មានឈ្មោះ សារៈ ឧត្តម ភេទប្រុស អាយុ៨ឆ្នាំ មុខរបរសិស្សថ្នាក់ទី៣ សាលាបឋមសិក្សាចាបយិនប្រទះឡាង ទីលំនៅភូមិតាំងរនៀម សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមការបំភ្លឺពីឈ្មោះ តែម សុផានុត ភេទប្រុស អាយុ១០ឆ្នាំ ជាមិត្តភក្តិរៀនថ្នាក់ជាមួយជនរងគ្រោះបានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ជនរងគ្រោះ និងខ្លួនបានមកដល់ថ្នាក់រៀន រួចគ្រូប្រចាំថ្នាក់ប្រាប់ថាព្រឹកនេះលោកគ្រូជាប់រវល់ទៅប្រជុំ មិនបានបង្រៀនទេ ឲ្យកូនសិស្សទាំងអស់នៅលេងក្នុងថ្នាក់, ហើយខ្លួន និងជនរងគ្រោះបានបបួលគ្នាទៅលេងទឹកប្រឡាយនៅក្បែរវត្ត ពេលទៅដល់ខ្លួន និងជនរងគ្រោះបានដោះកាបូបស្ពាយ និងដោះអាវចេញដាក់នៅមាត់ប្រឡាយ រួចក៏បានលោតចូលទៅក្នុងទឹក ហើយជនរងគ្រោះបានលោតមកតាមក្រោយលិចចូលទៅក្នុងទឹក មិនឃើញអណ្ដែតឡើងមកលើវិញ ខ្លួនក៏បានរត់ទៅប្រាប់អ្នកផ្ទះ ហើយក៏បាននាំគ្នាមកដល់ប្រឡាយទឹកវិញ រួចចុះទឹករាវរកឃើញជនរងគ្រោះលើកឡើងមកលើ តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ដោយឡែកតាមការបំភ្លឺពីឈ្មោះ ជា ចំរើន ភេទប្រុស ជាគ្រូបង្រៀនបានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ គាត់បានមកដល់ថ្នាក់រៀនហើយកូនសិស្សនៅពេញថ្នាក់ រួចគាត់បានប្រកាសប្រាប់កូនសិស្សថាព្រឹកនេះមិនរៀនទេ ដោយខ្ញុំមានការត្រូវទៅប្រជុំ ដោយបានប្រាប់ឲ្យកូនសិស្សនៅលេងក្នុងថ្នាក់កុំចេញទៅណា, លុះដល់វេលាម៉ោងប្រហែល០៩នឹង០០នាទី ថ្ងៃដដែល ស្រាប់តែគ្រូបង្រៀននៅសាលាជាមួយគ្នាទូរស័ព្ទមកប្រាប់គាត់ថាមានកូនសិស្សគាត់លង់ទឹកនៅប្រឡាយទឹកពីខាងកើតវត្តស្វាយមាស ទើបគាត់បានត្រឡប់មកមើលសាកសពកូនសិស្សគាត់ ដែលកំពុងតម្កល់នៅក្នុងវត្តស្វាយមាស។_
ក្រោយកើតហេតុ គេឃើញមានសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនគរបាលជំនាញផ្នែកកោសល្យវិច័យ ចុះមកធ្វើការពិនិត្យ ប្រឡាយទឹកពីខាងកើតវត្តស្វាយមាស ឃើញប្រឡាយទឹកនេះទទឹង២ម មានជម្រៅ៣ម និងមានទឹកជម្រៅ២,៥០ម ឆ្លងតាមចង្អុលបង្ហាញពីសាក្សីថាជាកន្លែងជនរងគ្រោះលង់ទឹក ហើយកន្លែងកើតហេតុមិនមានស្លាកស្នាមអ្វីទេ សាកសពតម្កល់នៅវត្តស្វាយមាស អាក្រាតកាយ សក់ក្បាលសើម ខ្លួនប្រាណដៃជើងប្រឡាក់ភក់, សាកសពមានសភាពទន់, ពេលផ្អៀង និងសង្កត់ពោះមានទឹកហូរចេញតាមច្រមុះ មាត់ ខ្លួនប្រាណក៏គ្មានស្លាកស្នាមអ្វីដែរ។
ដូច្នេះតាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ សន្និដ្ឋានបានថា ស្លាប់ដោយសារលង់ទឹក និងប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ អែល វិចិត្រ