ខេត្តកណ្តាល ៖ ពិតជារន្ធត់ណាស់ បុរសម្នាក់ស្លាប់ភ្លាមៗយ៉ាងរន្ធត់ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍កំពុងជិះម៉ូតូ ត្រូវរថយន្តបុកនៅចំណុចផ្លូវបែកជាបួន ម៉ូតូវិញ អូសពីក្រោមរថយន្តជាច្រើនម៉ែត្រ ។ចំណែកតៃកុងរថយន្តក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗផងដែរ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២:៣០នាទី ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២៤ លើចំណុចលើផ្លូវក្រវ៉ាត់ក្រុងទី៣(ចន្លោះគីឡូម៉ែត្រលេខ៩និងលេខ៨)នៅភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
តាមរបាយការណ៍បឋមពីសមត្ថកិច្ចដែល TVFB ទទួលបាន បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តមួយគ្រឿង ពណ៍ខ្មៅ ម៉ាកNISSAN ស៊េរីឆ្នាំ2008 ស្លាកលេខ ភ្នំពេញ2AK-5072 បើកបងទិសដៅពីត្បូង-ទៅជើង(ពីសង្កាត់កោះអន្លង់ចិន ទៅឃុំបន្ទាយដែក) ដោយឈ្មោះ យ៉េប ផាន់ណាហ្វី ភេទប្រុសអាយុ ៣០ឆ្នាំ ជនជាតិខ្មែរមុខរបរអ្នកថែរសួន មានទីលំនៅភូមិស្វាយចេក សង្កាត់ព្រៃកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ពេលមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួន ក៏បានបុកជាមួយអ្នកបើកបរម៉ូតូ មួយគ្រឿង ពណ៌ខ្មៅ ម៉ាកSuzuki smash ស្លាកលេខភ្នំពេញ1AL-9790បើកបរតាមផ្លូវ១១៦A ទិសដៅពីជើងទៅត្បូង (ពីឃុំដីឥដ្ឋ-ទៅឃុំឈើទាល)នៅចន្លោះគីឡូម៉ែត្រលេខ៨ លេខ៩ អ្នកបើកបរឈ្មោះ អាន សារិន ភេទប្រុស៥៤ ឆ្នាំ មុខរបរកសិករ មានទីលំនូវ ភូមិព្រែកទំនប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល បណ្តាលឲ្យអ្នកបើកបរម៉ូតូដួលស្លាប់នៅនិងកន្លែង ម៉ូតូត្រូវបានរថយន្តអូសចម្ងាយប្រហែល៣០ម៉ែត្រ។ អ្នកបើកបររថយន្តត្រូវបានកម្លាំងសមត្ថិកិច្ចប៉ុស្តិ៍នរគបាលរដ្ឋបាលឈើទាលឃាត់ខ្លួនប្រគល់ទៅអោយជំនាញចរាចរណ៍ស្រុក។
ក្រោយកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល សហការជាមួយកម្លាំងជំនាញចរាចរណ៍ស្រុក ចុះមកវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនិតិវិធី ៕ អែល វិចិត្រ