រាជធានីភ្នំពេញ ៖ ស៊យជាន់ស៊យហើយអាក្អូន! ជនសង្ស័យ៣នាក់ ជិះម៉ូតូក្នុងល្បឿនលឿន ដល់ផ្លូវបំបែកជាបួន ក៏បុកជាមួយម៉ូតូមួយគ្រឿងទៀតដួល ស៊យហួស បែរជាជ្រុះដាវចេញពីខ្លួនដែលទុកសម្រាប់កាប់អ្នកណាមករករឿងពួកគេ ត្រូវកម្លាំងអន្តរាគមន៍ពិសេសអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដែលឈរជើងចំណុចកើតហេតុឃើញ ក៏ឃាត់ខ្លួនបានតែម្តង ពាក់ព័ន្ធករណី កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (ជិះម៉ូតូកាន់ដាវនៅទីសាធារណៈ) ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង ២០នាទីយប់ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចស្តុបមែកសើដេស ផ្លូវ៦០ម៉ែត្រ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមរបាយការណ៍ពីសមត្ថកិច្ចបានបញ្ជាក់ប្រាប់ TVFB ឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនរួមមាន៖
០១.ឈ្មោះ គៀន សុបញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ (គ្មានផ្ទុកសាធាតុញៀន) ។
០២.ឈ្មោះ វុត្ថា ស៊ីវុធថៃ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ (គ្មានផ្ទុកសាធាតុញៀន) ។
០៣.ឈ្មោះ ជៀស លីន ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ (គ្មានផ្ទុកសាធាតុញៀន) ។
ក្នុងនោះ វត្ថុតាងចាប់យក រួមមាន ៖ ម៉ូតូចំនួន ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ឆ្នាំ២០២៤ ផ្លាកលេខភ្នំពេញ ១KT-០៩៣៩ លេខតួ+ម៉ាស៊ីន ៤៨៣៦ (បែកបាក់ធ្ងន់ធ្ងរ ដោយសារដួលខ្លួនឯង) , ទូរស័ព្ទដៃចំនួន ០១គ្រឿង ម៉ាករៀលមី ពណ៌ប្រផេះក្រមៅ ស៊ីមកាត ០៩៧ ៩៦៧ ១២៦៦(បែកកាមេរ៉ាក្រោយ) , ដាវដងជ័រពណ៌ខ្មៅ ចំនួន០១ដើម ប្រវែង៦០ស.ម( ជារបស់ឈ្មោះ គៀន សុបញ្ញា)
-ទូរស័ព្ទដៃចំនួន ០១គ្រឿង ម៉ាកវីវ៉ូ ពណ៌ស ស៊ីមកាតលេខ០១៥ ៩៩៧៨៩០(របស់ឈ្មោះ ជៀស លីន) ។
សមត្ថកិច្ចបញ្ជាក់ទៀតថា កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១១និង២០នាទីយប់ ជនសង្ស័យចំនួន ០៣នាក់ បានជិះម៉ូតូចំនួន ០១គ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពាក់ស្លាកលេខ ភ្នំពេញ ១KT-០៩៣៩ ប្រដាប់ដោយដាវចំនួន ០១ដើម ក្នុងគោលបំណងការពារខ្លួន (ទុកកាប់អ្នកណាមករករឿងជាមួយបក្ខពួកខ្លួន) បាននាំគ្នាជិះម៉ូតូដល់ចំណុចស្តុបមែកសើដេស ផ្លូវ៦០ម៉ែត្រ ស្រាប់តែបុកជាមូយម៉ូតូមួយគ្រឿងផ្សេងទៀតបណ្តាលឲ្យដួល និងជ្រុះដាវចេញពីខ្លួន ខណៈនោះស្រាប់តែមានកម្លាំងសមត្ថកិច្ចកំពុងធ្វើការល្បាតក្បែរនោះមកដល់ក៏បាននាំជនសង្ស័យទាំង ០៣នាក់ខាងលើយកមកទីស្នាក់ការប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម ធ្វើការសាកសួរតែម្តង ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការនគរបាលខណ្ឌមានជ័យ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ៕ អែល វិចិត្រ