សមត្តកិច្ចបង្ក្រាបករណីឆបោកប្រាក់ ក្រោមរូបភាពដាក់ប្រាក់វិនិយោគចំនួន ០២នាក់
សន្តិសុខសង្គម
109

ខេត្តស្វាយរៀង៖ អនុវត្តតាមបទបញ្ជាដ៏មុឺងម៉ាត់របស់លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សៅ សារិន ស្នងការរងទទួលផែនការងារសន្តិសុខ លោកវរសេនីយ៍ឯក ស្រេង ហួត ស្នងការរងជំនួយការដឹកនាំការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ព្រមទាំងដោយមានការសម្របសម្រួលផ្ទាល់ពីឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ០២នាក់ ពាក់ព័ន្ធនឹងករណីឆបោក ក្រោមរូបភាពដាក់ប្រាក់វិនិយោគ ដែលផ្តល់ប្រាក់ចំណេញច្រើនត្រលប់មកវិញ។

ជាលទ្ធផល ជនសង្ស័យជាសហចារីដែលប្រើប្រាស់គណនីធនាគាររបស់ខ្លួនផ្ទាល់ ជាមធ្យោបាយ សម្រាប់ទទួលប្រាក់ឆបោកពីអ្នកវិនិយោគផ្សេងៗ រួចផ្ទេរប្រាក់ទាំងនោះទៅឱ្យបក្សពួករបស់ខ្លួនតាមរយៈគណនីធនាគារជាច្រើន។ បក្សពួករបស់ជនសង្ស័យ ប្រើប្រាស់បណ្តាញសង្គម ដោយនិយាយលួងលោមជនរងគ្រោះឱ្យជឿជាក់ ព្រមដាក់ប្រាក់វិនិយោគ។

កម្លាំងការិយាល័យជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ព្រមទាំងបានចេញដីកាឃុំខ្លួនរួចហើយ។

ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការជឿទុកចិត្តលើជនមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ តាមរយ:បណ្តាញសង្គមក្នុងការវិនិយោគ និងការផ្ទេរប្រាក់ណាមួយ ដែលមិនមានប្រភពច្បាស់លាស់។


Telegram