ខេត្តសៀមរាប ៖ យោងតាមផេកផ្លូវការរបស់ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប បានបង្ហោះទាំងស្រុងថា កាលពីព្រឹកថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤ លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានអញ្ជើញក្រុមការងារផលិតមាតិកាវិដេអូខ្លីៗសម្រាប់ផ្សព្វផ្សាយក្នុងបណ្តាញសង្គម គ្រប់ប្រព័ន្ធដែលមានគណនីមានឈ្មោះថា The Fun Cambodia មកអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព លើករណីបង្ហោះផ្សព្វផ្សាយជាសាធារណៈនូវវីដេអូខ្លីៗជាច្រើនដែលមានរូបភាព និងខ្លឹមសារប្រាសចាកពីក្រមសីលធម៌ ដែលបង្កអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ទំនៀមទម្លាប់ប្រពៃណីជាតិ ពិសេសតម្លៃស្រ្តីខ្មែរ នៅសាលប្រជុំមន្ទីរវប្បធម៌ខេត្ត ដោយមានការចូលរួមពី លោក លោកស្រី ស្នងការរងខេត្តទទួលបន្ទុកបទល្មើសបច្ចេកវិទ្យា តំណាងមន្ទីរកិច្ចការនារី មន្ទីរព័ត៌មាន មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ និងមន្ត្រីជំនាញការិយាល័យសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ៕
ក្រុមMMO ដែលប្រើគណនីឈ្មោះ The Fun Cambodia បង្ហោះវីដេអូខ្លីៗប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ទំនៀមទម្លាប់ប្រពៃណីជាតិ ពិសេសតម្លៃស្រ្តីខ្មែរ ត្រូវបានអាជ្ញាធរកោះហៅមកអប់រំ