ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារចម្រុះខេត្ត ដឹកនាំដោយលោក អ៊ី សុខឡេង អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យទីតាំងស្នើសុំសាងសង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រ របស់ក្រុមហ៊ុន យូណាន ជីងចេង ខូអិលធីឌី ដែលមានទីតាំងស្ថិតនៅតាមបណ្តោយឆ្នេរអូរត្រេះ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ យោងតាមលិខិតលេខ១០៤២ ដនស/ខុទ្ទ ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺបានឯកភាពជាគោលការណ៍ ចំពោះសំណើសុំគោលការណ៍អនុញ្ញាតសាងសង់អាងតន្ត្រីបាញ់ទឹកទំហំ ៨.៦១២ម៉ែត្រក្រឡា និងរបាំងការពាររលកសមុទ្រ ប្រវែង ៤២០ម៉ែត្រ នៅតាមបណ្ដោយឆ្នេរអូរត្រេះ ស្ថិតនៅក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធទាំងនោះ ត្រូវដាក់ឱ្យបម្រើផលប្រយោជន៍សាធារណៈ។ បន្ទាប់ពីទទួលបានគោលការណ៍អនុញ្ញាតនេះ និងមុនពេលចាប់ផ្តើមដំណើរការសាងសង់ ក្រុមហ៊ុនត្រូវ៖
-ស្នើសុំកិច្ចសហការពីមន្ទីររៀបចំដែនដី នគំរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ កំណត់
និយាមកាទីតាំងសាងសង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រឱ្យបានច្បាស់លាស់ និងត្រូវ
ស្នើសុំគោលការណ៍ប្រើប្រាស់ដីសាធារណៈពីរាជរដ្ឋាភិបាល
-សិក្សាគម្រោងប្លង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រឱ្យបានច្បាស់លាស់ ត្រឹមត្រូវតាម
លក្ខណៈបច្ចេកទេស និងអត្តសញ្ញាណល្អឯកសម្រាប់ខេត្តព្រះសីហនុដែលផ្ដល់បន្ថែមនូវសោភណភាព
ដល់តំបន់ឆ្នេរសមុទ្រ ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ
-ស្នើសុំលិខិតអនុញ្ញាតសាងសង់ និងលិខិតអនុញ្ញាតបើកការដ្ឋានសំណង់ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្របតាមនីតិវិធីជាធរមាន។
ប៉ុន្តែតាមការចុះពិនិត្យជាក់ស្តែងឃើញថា ក្រុមហ៊ុន យូណាន ជីងចេង ខូអិលធីឌី បានអនុវត្តមុនការបំពេញនីតិវិធីឱ្យបានចប់សព្វគ្រប់ ស្របតាមខ្លឹមសារលិខិតលេខ១០៤២ ដនស/ខុទ្ទ ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ដោយក្រុមហ៊ុនមានការភាន់ច្រឡំថាជាលិខិតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុញ្ញាតឱ្យក្រុមហ៊ុនមានសិទ្ធិសាងសង់ ទើបក្រុមហ៊ុនចាប់ផ្តើមដំណើរការការដ្ឋានរបស់ខ្លួន។ បន្ទាប់ពីស្តាប់ការណែនាំរបស់ក្រុមការងារខេត្តរួច ក្រុមហ៊ុនមានការយល់ច្បាស់ និងសូមអនុវត្តតាមខ្លឹមសារលិខិតរបស់ក្រសួង និងក្រុមការងារ។
ជាមួយគ្នានេះ លោក អ៊ី សុខឡេង អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារ បានធ្វើការណែនាំក្រុមហ៊ុនដូចខាងក្រោម៖
-ក្រុមហ៊ុនត្រូវផ្អាកការដ្ឋានសាងសង់ទាំងស្រុង
-ក្រុមហ៊ុនត្រូវកាយដី ដែលបានចាក់លើឆ្នេរសមុទ្រចេញវិញ និងជួសជុលផ្លូវក្រានីតឱ្យបានស្អាតដូចដើមវិញ
-ក្រុមហ៊ុនត្រូវសហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក្នុងការកំណត់និយាមកាទីតាំងសាងសង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រឱ្យបានច្បាស់លាស់ រួចដាក់ជូនរដ្ឋបាលខេត្ត ដើម្បីប្រជុំពិនិត្យ មុននឹងដាក់ស្នើសុំគោលការណ៍ប្រើប្រាស់ដីឆ្នេរសាធារណៈពីរាជរដ្ឋាភិបាល
-ក្រុមហ៊ុនត្រូវសិក្សាគម្រោងប្លង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រឱ្យបានច្បាស់លាស់ ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងអត្តសញ្ញាណល្អឯកសម្រាប់ខេត្តព្រះសីហនុ ដើម្បីទាក់ទាញអ្នកទេសចរណ៍ និងអ្នកវិនិយោគ
-ក្រុមហ៊ុនត្រូវសិក្សាពីផលប៉ះពាល់បរិស្ថានឱ្យបានហ្មត់ចត់
-ក្រុមហ៊ុនត្រូវស្នើសុំលិខិតអនុញ្ញាតសាងសង់ និងលិខិតអនុញ្ញាតបើកការដ្ឋាន ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
-ក្រុមហ៊ុនត្រូវសហការជាមួយអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ ក្នុងការអនុវត្តគម្រោងឱ្យស្របតាមនីតិវិធី និងលិខិតបទដ្ឋានគតិយុត្តិដែលមានចែងជាធរមាន។