ឆ....ក់ទូរស័ព្ទដៃពីនារីរងគ្រោះកំពុងដេីរបានសម្រេច​ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វេីការបង្ក្រាបបានភ្លាមៗ
សន្តិសុខសង្គម
126

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង​០៦៖៣០នាទី​ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែនការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ ដែលមានលោក​វរសេនីយ៍ឯក​ ញ៉ែម​ វ៉ន​ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង នាយការិយាល័យ​ បានដឹកនាំកម្លាំងជំនាញ ចុះល្បាតតាមបណ្តោយផ្លូវ​ម៉ៅសេទុង ក្នុងសង្កាត់ទំនប់ទឹក​ខណ្ឌបឹងកេងកង រាជធានី​ភ្នំពេញ​ ក៏ប្រទះឃេីញជនសង្ស័យ​​ ជិះម៉ូតូចំនួន៣គ្រឿងមានគ្នាចំនួន៥នាក់ បានធ្វេីសកម្មភាព​ឆក់ទូរស័ព្ទដៃពីនារីរងគ្រោះកំពុងដេីរបានសម្រេច​។

ភ្លាម​នោះកម្លាំងជំ​នាញ​នាយកដ្ឋាន​ បានសហការគ្នាជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង​ ធ្វេីការឃាត់ខ្លួនជនសង្ស័យបានទាំង០៣នាក់ វេលាម៉ោង១០៖០៥នាទី​ នៅចំណុចចំណតម៉ូតូមុខខុនដូ M Residence ផ្លូវលេខ២៨២ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង​ មាន៖

ទី១៖ឈ្មោះ​ សុខ​ លីហ៊ុយ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ​ ទីកន្លែងស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់សទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(ជនដៃដល់)។

ទី២៖ឈ្មោះ​ ស៊ុន​ បញ្ញា​ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង​ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(អ្នកបេីក)។

ទី៣៖ឈ្មោះ​ គង់​ សុខហេង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិឫស្សី សង្កាត់មានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(បិទគូទ)។

ក្រោយពីបានធ្វេីការសាកសួរ​ ជនសង្ស័យបានសារភាពថា៖

កាលពីថ្ងៃទី១៤​ ខែមិថុនា​ ឆ្នាំ២០២៤​ វេលាម៉ោង៨៖១៥នាទី​ ខ្លួននឹងបក្សពួកបានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសរងគ្រោះកំពុងអង្គុយនៅចិញ្ចេីមផ្លូវបានសម្រេច​ តាមបណ្តោយផ្លូវបេតុង​ ភូមិត្រពាំងឈូក​ ក្នុងសង្កាត់អូរបែកក្អម​ ខណ្ឌសែនសុខ។

សំភារះដកហូតមាន៖ ម៉ូតូម៉ាកហុងដាស្កូពី ពណ៌ស ពាក់ស្លាក​លេខ​ ភ្នំពេញ​ 1IS-2283(របស់ជនសង្ស័យ), ម៉ូតូម៉ាកហុងដាប៊ីត ពណ៌ស ពាក់ស្លាក​លេខ​ ភ្នំពេញ​ 1JN-0148(របស់ជនសង្ស័យ), ទូរស័ព្ទដៃម៉ាក​ 13​ Pro Max ពណ៌បៃតងចាស់​(របស់នារីរងគ្រោះ)។ ទូរស័ព្ទដៃខាងលេីកម្លាំងជំនាញបានប្រគល់ជូននារីរងគ្រោះវិញ។

បច្ចុប្បន្ន​កម្លាំងជំនាញបាននាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ដេីម្បីធ្វេីការសាកសួរ​ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕


Telegram