ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងក្តីតក់ស្លុត ដែលបានទទួលព័ត៌មានអំពីហេតុការណ៍ដ៏រន្ធត់មួយ ដែលបានបណ្តាលឱ្យស្លាប់បាត់បង់ជីវិតមនុស្សចំនួន ០២ នាក់ គឺប្អូនប្រុស លី សុង និងគូដណ្តឹង។ ឯកឧត្តមក៏សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារសពរបស់ប្អូនទាំងពីរ។
ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា : ខ្ញុំពិតជាសោកស្តាយ ចំពោះការបាត់បង់ជីវិតយ៉ាងផុយស្រួយបំផុត ដែលផ្តើមចេញពីជម្លោះរហូតឈានដ ' ល់ការប្រើប្រាស់អំពើហិង្សា ក្លាយជាឧក្រិដ្ឋកម្មដ៏អាក្រក់បំផុត។ យើងពិតជាមិនចង់ឱ្យហេតុការណ៍នេះកើតឡើងនោះឡើយ និងថ្កោលទោសជាដាច់ខាតលើទង្វើបំពានលើជីវិតមនុស្សយ៉ាងព្រៃផ្សៃបែបនេះ។
ខ្ញុំសូមកោតសរសើរនិងថ្លែងអំណរគុណដល់កងកម្លាំងមានសមត្ថកិច្ចដែលបានខិតខំតាមចាប់ជនល្មើសដើម្បីមកទទួលខុសត្រូវចំពោះមុខច្បាប់។
យើងគួរតែមានការយោគយល់អធ្យាស្រ័យគ្នា ក្នុងនាមជាសង្គមដែលកាន់ព្រះពុទ្ធសាសនា ដែលប្រកាន់ខ្ជាប់នូវសីលធម៌ និងខន្តី។ ជាចុងក្រោយ ខ្ញុំសូមអំពាវនាវដល់បងប្អូនទាំងអស់ចូលរួមលើកកម្ពស់វប្បធម៌សន្តិភាព ការអត់ឱន យោគយល់អធ្យាស្រ័យខ្ពស់ដើម្បីសង្គមកម្ពុជាមានភាពសុខុដុមរមនា និងសុភមង្គល៕