នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បញ្ជាក់ជុំវិញករណីឃាតកម្ម ជនដៃដល់ឧកញ៉ា ស្រី ស៊ីណា បាញ់សម្លាប់មនុស្សនៅច្បារអំពៅ ករណីនេះ សមត្ថកិច្ចឃាត់ខ្លួន៣នាក់
សន្តិសុខសង្គម
348

រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ មានកិត្តិយសសូមជម្រាបជូននូវខ្លឹមសារព័ត៌មាន ពាក់ព័ន្ធករណីឃាតកម្មបង្កដោយជនដៃដល់ឧកញ៉ា ស្រី ស៉ីណា នៅខណ្ឌច្បារអំពៅ ។

ហេតុការណ៍ផ្ទុះអាវុធនេះបានកើតឡើង នៅវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ និង២នាក់ទៀតរងរបួស ត្រង់ចំណុចបុរីប៉េងហួតបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បង្កដោយជនដៃដល់ម្នាក់ឈ្មោះ ស្រី ស៉ីណា និងមានគោរមងារជាឧកញ៉ា។

ក្រោយហេតុការណ៍នេះបានកើតឡើង ដោយអនុវត្តតាមបទបញ្ជាពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង និងលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាន ដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។

រហូតដល់ម៉ោង១៧៖៣០នាទីថ្ងៃដដែល នៅចំណុចផ្លូវជាតិ៥១ ភូមិអន្ទង់ក្រវែន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល កម្លាំងជំនាញនាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វេីការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ស្រី សុីណា ភេទប្រុស អាយុ៥០ឆ្នាំ អាសយដ្ឋានផ្ទះលេខ៤៤ ផ្លូវលេខ៣៩០ ភូមិ១ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីយកមកធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី។

បន្ទាប់ពីនេះ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានប្រគល់ជនសង្ស័យចំនួន២នាក់ មកនាយកដ្ឋានដើម្បីចាត់ការបន្តតាមនីតិវិធី ដែលក្នុងនោះម្នាក់ជាអ្នកដឹកជនសង្ស័យទៅធ្វើសកម្មភាព និងម្នាក់ទៀត ដឹកជនសង្ស័យក្រោយធ្វើសកម្មភាពឡើងជិះរថយន្ដ រួមមាន៖ ឈ្មោះ សាន សុខចំរើន ភេទប្រុស អាយុ២៦ឆ្នាំ និងឈ្មោះ ទិន ទូច ភេទប្រុស អាយុ២៦ឆ្នាំ។

សម្ភារៈដកហូត​រួមមាន​ អាវុធខ្លីម៉ាក​ STOEGER COUGAR 8000​ លេខT942907-A008684 គ្រាប់ចំនួ​ន១៨គ្រាប់​ បង់ចំនួន០២ (សម្រាប់ធ្វើសកម្មភាព), រថយន្ត១គ្រឿង​ម៉ាក​SSANG YONG REXTON ពណ៌ខ្មៅ​ ពាក់ផ្លាកលេខភ្នំពេញ​ 2BL-9923, ទូរស័ព្ទ​ចំនួន៤គ្រឿង, រថយន្ត១គ្រឿង​ ម៉ាកTOYOTA RAIZE ពណ៌ខៀវ​ ពាក់ផ្លាកលេខ2BQ-3654 និងម៉ូតូ១គ្រឿង​ ម៉ាកHONDA ZOOMER X ពណ៌ក្រហម​លាយខ្មៅ​ ពាក់ផ្លាកលេខភ្នំពេញ​1GX-9541។

ដោយឡែក ជនរងគ្រោះក្នុងហេតុការណ៍នេះ មានចំនួន៤នាក់៖

*ទី១៖ ឈ្មោះ​ ឡុង​ លីសុង​ ភេទប្រុស​ អាយុ២៧ឆ្នាំ​ ជនជាតិខ្មែរ​ (ស្លាប់)

*ទី២៖ ឈ្មោះ​ ឃីន​ កញ្ចនា​ ភេទស្រី​ អាយុ២៧ឆ្នាំ​ ជនជាតិខ្មែរ​ (ស្លាប់)

*ទី៣៖ ឈ្មោះ​ សុខុម​ រ៉ាចាណៈ​ ភេទប្រុស​ អាយុ​២០ឆ្នាំ​ ជនជាតិ​ខ្មែរ​ (រងរបួស)

*ទី៤៖ ឈ្មោះ​ ហុង​ រិទ្ធារ័ក្ស​ ភេទប្រុស​ អាយុ២៤ឆ្នាំ​ ជនជាតិខ្មែរ​ (រងរបួស)។

ក្រោយបញ្ចប់ការសួរនាំ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ៣នាក់ ដោយម្នាក់ជាជនដៃដល់ឧកញ៉ា ស្រី ស៉ីណា និង២នាក់ទៀតជាអ្នកឌុបដើម្បីទៅធ្វើសកម្មភាព និងក្រោយធ្វើសកម្មភាព បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕


Telegram