ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានបំភ្លឺបញ្ជាក់ពីចំណាត់ការផ្លូវច្បាប់លើការបាញ់ប្រហារដ៏សាហាវឃោឃៅក្នុងអំឡុងខែមិថុនា ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា បានបណ្ដាលឱ្យមនុស្ស២នាក់ស្លាប់ និងរបួស២នាក់ ករណីនេះត្រូវចោទប្រកាន់ក្នុងសំណុំរឿង២ដាច់ដោយឡែកពីគ្នា ដោយបច្ចុប្បន្នចៅក្រមស៊ើបសួរកំពុងបន្តនីតិវិធីនៃស៊ើបអង្កេតស្រាវជ្រាវ។
ឯកឧត្តម កើត រិទ្ធ ថ្លែងនៅទៅកាន់អ្នកសារព័ត៌មានថា៖ «យើងមិនអាចនិយាយថា(ជនល្មើសឈ្មោះ ស្រី ស៊ីណា ជាប់ទោស)ប៉ុន្មានឆ្នាំទេ ពីព្រោះរឿងនេះមិនទាន់កាត់ទោស(កាត់ក្ដីព្រោះ)ចៅក្រមកំពុងដំណើរការស៊ើបអង្កេតស្រាវជ្រាវក្នុងករណីនេះ(ឃាតកម្ម)ឱ្យស៊ីជម្រៅ»។ «យើងមិនអាចផ្ដន្ទាទោសលើសពីច្បាប់កំណត់នោះទេ»។
ឯកឧត្តម ថ្លែងបន្តថា៖ «យើងគ្មានជម្រើសអ្វីក្រៅពីការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីធានាថា ច្បាប់អនុវត្តតឺងរ៉ឹង ម៉ឺងម៉ាត់ និងដោយត្រឹមត្រូវ»។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌ផ្សាយកាលពីថ្ងៃទី២៣ ខែមិថុនា បានបញ្ជាក់ថាការបំបែកសំណុំរឿងជាពីររបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ជនល្មើសឈ្មោះ ស្រី ស៊ីណា នឹងត្រូវកាត់ទោសដោយសាលក្រមចំនួន ២ សម្រាប់សំណុំរឿងពីរដាច់ដោយឡែកពីគ្នា ហើយអាចប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ ក្នុងសំណុំរឿងនីមួយៗ។ ជនល្មើសឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ ៥០ ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗ និងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ជនល្មើសឈ្មោះ ស្រី ស៊ីណា ក្នុងសំណុំរឿងពីរដាច់ដោយឡែកពីគ្នា(១)-បទឃាតកម្ម តាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ដែលអាចជាប់ទោសដាក់ពន្ធនាគារពី ១០ឆ្នាំ ទៅ ១៥ ឆ្នាំ។ (២)-បទប៉ុនប៉ងឃាតកម្ម (ឬបទឃាតកម្មមិនបានសម្រេច) តាមមាត្រា ២៧ និង មាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ដែលអាចជាប់ទោសដាក់ពន្ធនាគារពី ១០ ឆ្នាំ ទៅ ១៥ ឆ្នាំ និង (៣)-បទប្រើប្រាស់អាវុធដោយខុសច្បាប់ តាមមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និង គ្រាប់រំសេវ ដែលអាចជាប់ទោសដាក់ពន្ធនាគារពី ៦ ខែ ទៅ ២ ឆ្នាំ៕