ឯកឧត្តម គួច ចំរើន ត្រូវបានប្រកាសឱ្យចូលកាន់តំណែងអភិបាលខេត្តកណ្ដាលជាផ្លូវការនៅព្រឹកនេះ.!
ព័ត៌មានជាតិ
120

ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃចន្ទ ទី០១ ខែកក្កដានេះ ឯកឧត្តម គួច ចំរើន នឹងថ្នាក់ដឹកនាំតាមបណ្ដាមន្ទីរ-ស្ថាប័ននានាទូទាំងខេត្តកណ្ដាល ចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងជាផ្លូវការ ជាអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ក្រោមអធិបតីភាពលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

គួររំឮកថា ឯកឧត្តម គួច ចំរើន ជាមន្រ្តីរាជការ និងថ្នាក់ដឹកនាំដ៏មានបទពិសោធន៍ និងធ្លាប់បាន​កាន់មុខតំណែងជាច្រើនរួមមាន៖ អភិបាលរងខណ្ឌចំការមន (ពីឆ្នាំ១៩៩៩-២០០៤), អភិបាលខណ្ឌមានជ័យ ​(ពីឆ្នាំ ២០០៤-២០១៤), អភិបាលខណ្ឌដូនពេញ (ពីឆ្នាំ ២០១៤-២០១៦), អគ្គនាយករងរដ្ឋបាលក្រសួងមហាផ្ទៃ (ពីឆ្នាំ ២០១៦-២០១៧), អភិបាលខេត្តកំពង់ចាម (ពីខែមិថុនា ឆ្នាំ២០១៧-ខែមិថុនា ២០១៩) និងអភិបាលខេត្តព្រះសីហនុ (ពីខែមិថុនា ឆ្នាំ២០១៩-ខែមិថុនា ឆ្នាំ​២០២៤​)។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៤ មិថុនា ឆ្នាំ២០២៤នេះ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ឯកឧត្តមគួច ចំរើន ឱ្យផ្ទេរមុខតំណែងភារកិច្ចពីអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មកកាន់តំណែងជាអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ជំនួសឯកឧត្តម គង់ សោភ័ណ ដែលត្រូវបានត្រាស់បង្គាប់ឱ្យកាន់តំណែងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕


Telegram