ខេត្តមណ្ឌលគិរី ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោក ឧត្ដមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី លោកបានបញ្ជាឱ្យអនុវត្តយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ការបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទនៅទូទាំងខេត្ត។
តួយ៉ាងកាលពីរសៀលថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចការិយាល័យ ប្រឆាំងគ្រឿងញៀន និងកម្លាំងការិយាល័យព្រហ្មទណ្ឌ បានសហការជាមួយ និងកម្លាំងអធិការដ្ឋាននគរបាល ស្រុកកែវសីមា បានចុះបង្ក្រាបករណីលួច ម៉ូតូ និងករណីទទួលផលចោរកម្ម និងករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀន ដោយខុសច្បាប់កាលពី ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នាវេលាម៉ោង ១៦និង ៣៣នាទី នៅត្រង់ចំណុច ខារាអូខេ ៩៩៩៩ ស្ថិតនៅភូមិសែនអភិវឌ្ឍន៍ ឃុំក្រញ៉ូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។
ក្នុងនោះ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋស្រែខ្ទុមបានទទួលពាក្យបណ្តឹងពីឈ្មោះ សៀក ឆៃលាង ភេទប្រុស អាយុ ៣៩ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី និងជនរងគ្រោះ ទី២ មានឈ្មោះ ឡាយ ផានិត ភេទប្រុស អាយុ ៣៦ឆ្នាំ ទីលំនៅបច្ចុប្បន្នស្ថិតនៅ ភូមិស្រែព្រះ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ថាមានករណី ចោរលួច(ម៉ូតូ)នៅពេលនោះកម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា បានសហការជាមួយកម្លាំង ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រែខ្ទុម ចុះស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យរហូតដល់ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១៦និង ៣៣នាទី កម្លាំងសមត្ថកិច្ចយើងបានចុះទៅដល់ទីតាំង KTV ៩៩៩៩ ស្ថិតនៅភូមិសែនអភិវឌ្ឍន៍ ឃុំក្រញ៉ូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះនិងបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រញ៉ូងសែនជ័យបាន ចុះទៅដល់ទីតាំង KTV៩៩៩៩ហើយក៏បានធ្វើការចាប់ខ្លួនជនសង្ស័យបាន ចំនួន ២នាក់ ដែលមានឈ្មោះដូចខាងក្រោម ៖
ទី១/ឈ្មោះ លី ស្រឡស់ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានធ្វើការពិនិត្យរកសាតធាតុញៀន ក្នុងទឹកម៉ូត្រ ជាលទ្ធផល វិជ្ជមាន(+) ។
ទី២/ឈ្មោះ កូប មូសា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិចាម សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានធ្វើការពិនិត្យរកសាតធាតុញៀនក្នុងទឹកម៉ូត្រ ជាលទ្ធផល វិជ្ជមាន(+)។
វត្ថុតាងដែលកម្លាំងសមត្ថកិច្ចចាប់យកបានរួមមាន ៖ ក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន ១០ កញ្ចប់ ,ឧបករណ៍កែច្នៃសម្រាប់ជក់ថ្នាំញៀនមួយចំនួន។ ហើយក៏បានយកជនសង្ស័យខាងលើមកធ្វើការសាកសួរចម្លើយ ដោយសហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តមណ្ឌលគិរីនៅថ្ងៃខែឆ្នាំដដែលរហូតដល់វេលាម៉ោង ២២ និង ០០នាទីយប់។
លុះដល់ព្រឹកឡើង ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីធ្វើការសាកសួរនិងស្ដាប់ចម្លើយពីជនសង្ស័យហើយក៏ក្តាប់បាននូវមុខសញ្ញានៃអ្នក ទទួលផលចោរកម្ម និង មុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកស្នួល ខេត្តក្រចេះ ។ លោក វរសេនីយ៍ឯក ហេង អ៊ួង អធិការ នៃអធិការដ្ឋាននគរបាល ស្រុកកែវសីមា បានសហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តមណ្ឌលគិរីនិងបានធ្វើការពន្លាតដែនដី ដោយសហការជាមួយកម្លាំង អធិការដ្ឋាននគរបាល ស្រុកស្នួលខេត្តក្រចេះ និងកំណត់បាននូវទីតាំងរួចមកកម្លាំងសមត្ថកិច្ចយើងក៏បានធ្វើការចុះពិនិត្យនូវទីតាំង ចំនួន៤ដែលពាក់ព័ន្ធ ទទួលផលចោរកម្ម៖
-ម្ចាស់ទីតាំងទី១មានឈ្មោះ ហង្ស ហួច ភេទស្រី នៅចំណុច KVT ហង្សជឺ ស្ថិតនៅភូមិ គ្រញ៉ូងសែនជ័យ ឃុំគ្រញ៉ូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។ ឃើញមានម៉ូតូ ចំនួន ៨គ្រឿង ហើយក្នុងនោះឃើញថា (ម៉ូតូ១គ្រឿង ម៉ាកឆ្លាម ពណ៌ទឹកសមុទ្រ អត់ស្លាកលេខ) ជារបស់ជនសង្ស័យលួចយកទៅលក់។
-ម្ចាស់ទីតាំង ទី២មានឈ្មោះ ហង្ស ហួច ភេទស្រី នៅចំណុចផ្សារកាបី មានឃើញ ម៉ូតូ ចំនួន ១៤គ្រឿង ហើយក្នុងនោះឃើញថា មាន(ម៉ូតូ១គ្រឿង ម៉ាកឆ្លាម ពណ៌ស អត់ស្លាកលេខ) ជារបស់ជនសង្ស័យលួច យកទៅលក់ និងឃើញបំណែកក្បាំងម៉ូតូ ពណ៌ទឹកសមុទ្រ មួយចំនួន(ដែលបោះបំបែក ជារបស់ជនសង្ស័យ)។
-ទីតាំងទី៣ម្ចាស់ឈ្មោះ អ៊ុក ស្រីលាភ ភេទស្រី នៅចំណុច កំណរក្បាំងម៉ូតូ មានឃើញម៉ូតូចំនួន២គ្រឿង ក្នុងនោះ (ម៉ូតូពណ៌ស អត់ស្លាកលេខ) ជារបស់ជនសង្ស័យលួចយកទៅលក់ និង( ម៉ូតូពណ៌ ទឹកសមុទ្រអត់ក្បាំង អត់ស្លាកលេខ) ១គ្រឿងទៀត ជារបស់ជនសង្ស័យលួចយកទៅលក់។
-ទីតាំង ទី៤ម្ចាស់ឈ្មោះ អ៊ុក ស្រីលាភ ភេទស្រី នៅចំណុចមុខមណ្ឌលសុខភាព គ្រញ៉ូងសែនជ័យ ឃើញមានម៉ូតូ ចំនួន ១៦គ្រឿង និងក្បាំងម៉ូតូជាច្រើន។
ក្នុងករណីខាងលើនេះបច្ចុប្បន្ន ត្រូវបានញែកចេញជា ២ករណី ៖ ទី១. ករណីចោរកម្មលួច និងទទួលផលចោរកម្ម ព្រមទាំងជនសង្ស័យ និងវត្ថុតាងម៉ូតូខាងលើផែនព្រហ្មទណ្ឌ កសាងសុំណុំរឿង , ទី២. ករណីរក្សាទុកនិងវត្ថុតាងថ្នាំញៀន កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន កសាងសុំណុំរឿង ។ បច្ចុប្បន្នកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន , កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល និងកម្លាំងជំនាញទាំង ២ នៃអធិការដ្ឋាននគរបាល ស្រុកកែវសីមា កំពុងកសាងសុំណុំរឿងចាត់ការតាមនីតិវិធី៕