រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជំនាញចុះធ្វើការពិនិត្យ ខណៈបុគ្គលិករោងចក្រម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់ក្នុងបន្ទប់ទឹកមនុស្សប្រុស ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៤០នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ក្នុងរោងចក្រW&D ផ្លូវលេខ២១៧ ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ សេង នឿន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរបុគ្គលិករោងចក្រ ទីលំនៅភូមិត្រពាំងក្រពើ ឃុំទឹកហួត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ស្នាក់នៅបន្ទប់ជួលភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន ពីឈ្មោះ ខាន់ ពិសី ភេទស្រី ជាប្រពន្ធជនរងគ្រោះបានឲ្យដឹងថា ប្ដីប្រពន្ធគាត់បានមកធ្វើការជាមួយគ្នា, នៅវេលាម៉ោងប្រហែល១១ ប្ដីគាត់ ប្រាប់ថាគាត់ទៅបន្ទប់ទឹកសិន ព្រោះមានអាការៈមិនស្រួលខ្លួន, លុះបាត់មួយសន្ទុះធំមិនទាន់ឃើញប្ដីមកហូបបាយជាមួយ ទើបគាត់បានទៅរកគាត់ដល់បន្ទប់ទឹកគោះទ្វារស្រែកហៅគ្មានសម្លេងតបដាក់គន្លឹះពីក្នុង គាត់ក៏ទាញទ្វាររហូតរបើកគន្លឹះឃើញប្ដីដេកដួលក្នុងបន្ទប់ទឹក និងបានស្រែកហៅឲ្យគេជួយ និងទំនាក់ទំនងរថយន្តសង្គ្រោះ, មួយសន្ទុះក្រោយពេលរថយន្តសង្គ្រោះមកដល់គ្រូពេទ្យពិនិត្យប្រាប់ថាប្ដីគាត់ស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញនគរបាលប៉ុស្តិ៍ និងនគរបាលខណ្ឌ រួមទាំងនគរបាលជំនាញផ្នែកកោសល្យវិច្ឆ័យ បានចុះមកធ្វើការពិនិត្យសពជនរងគ្រោះនៅខាងក្នុងរោងចក្រ បានបញ្ជាក់ថា កន្លែងកើតហេតុមិនមានស្លាកស្នាមអ្វីទេ ចំណែកពាក់អាវយឺតដៃខ្លី ស្លៀកខោជើងវែង សាកសពមានសភាពទន់ នៅលើខ្លួនប្រាណក៏មិនមានស្លាកស្នាមអ្វីដែរ ដូច្នោះតាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ សន្និដ្ឋានបានថា ស្លាប់ដោយសារគាំងបេះដូង អាចបណ្ដាលមកពីជម្ងឺបេះដូង និងប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ