សម្តេចក្រុមព្រះ នរោត្តម ចក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាករុណាជាអម្ចាស់ជីវិតលេីត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត យាងជាព្រះអធិបតី ក្នុងកម្មវិធី ដាំដើមឈើចំនួន២០០០ដើម នៅមជ្ឍមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅឧទ្យានជាតិ ព្រះសុរាម្រិតកុសុមៈ គិរីរម្យ ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។ ទិវាដ៏នក្ខត្តឫក្ស និងមានអត្ថន័យយ៉ាងជ្រាលជ្រៅនៃ “ពិធីដាំកូនឈើប្រណិតចំនួន ២០០០ដើម និងផ្កា ចំនួន ២០០ដើម មានព្រះវត្តមាននិមន្តពីសម្តេចព្រះសង្ឃ ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈ និងមានការអញ្ចើញចូលរួមពី អ្នកឧកញ៉ា មហាសទ្ធាបុញ្ញាភិរក្ខសីរីសីលាភីរ័តព្រឹទ្ធាចរិយានី អគ្គមហា ឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា ប្រធានសមាគមន៍មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ឯកឧត្តម ជៀម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងតំណាង ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន មន្ទីរ អង្គភាពជុំវិញខេត្ត ដូនជី តាជី សិស្សានុសិស្ស យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយឫទ្ធិ បុគ្គលិកបម្រើការងារ ។ អ្នកឧកញ៉ា មហាសទ្ធាបុញ្ញាភិរក្ខសីសិរីសីលាភីរ័តព្រឹទ្ធាចរិយានី អគ្គមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា មានប្រសាសន៍ថា មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ខិតខំថែរក្សាការពារព្រៃឈើនៅទីតាំងសាងសង់ ឱ្យបានគង់វង្សដោយមានការដាំដុះជាហូរហែ។ ដើមឈើគឺជាជម្រកយ៉ាងត្រជាក់ត្រជំសម្រាប់មនុស្ស លោកនិងសត្វ។ ដូចជាដើមឈើនៅតាមព្រៃភ្នំជាជម្រករបស់សត្វព្រៃទាំងឡាយជ្រកអាស្រ័យ ចំណែករុក្ខជាតិដែលដុះក្នុងស្រុក ជាជម្រករបស់សត្វស្រុកទាំងឡាយ និងជាជម្រករបស់មនុស្សផង ឯដើមឈើណាដុះនៅតាមដងផ្លូវ គឺជាទីពឹងរបស់អ្នកដំណើរចូលទៅជ្រកសម្រាកកាយផង និងជា កន្លែងបរិភោគអាហារដោយសេចក្តីរីករាយនៅក្រោមម្លប់ឈើនោះ។ អ្នកឧកញ៉ា អគ្គមហាឧបាសិកាធម្មបណ្ឌិត បន្តថា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់ បានធ្វើជាព្រះរាជគំរូដ៏វិសេសក្រៃលែងបំផុត ព្រះរាជទានព្រះរាជទ្រព្យ ចូលរួម កសាងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ជាបន្តបន្ទាប់ ក្នុងនោះមានកសាងព្រះធម្មចេតិយ ទី១ តម្កល់ព្រះត្រៃបិដក ២២,០០០ ដុល្លារ កសាងព្រះចូឡាមណីចេតិយ ៥៦,០០០ ដុល្លារ និង មានចូលបុណ្យកឋិន បុណ្យផ្កា សរុបទឹកប្រាក់ ៧៨,០០០ ដុល្លារ ដើម្បីកសាងមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជា ដ៏ធំល្អប្រណីតមួយ ទុកជាសម្បត្តិជាតិ សម្រាប់គោរពបូជារបស់ប្រជាជន កម្ពុជា ក៏ដូចជាមនុស្សលោក និងជាកន្លែងសិក្សាបដិបត្តិព្រះធម៌អប់រំចិត្ត បណ្តុះបណ្តាលធនធាន មនុស្ស ប្រកបដោយគុណធម៌។ នៅពេលអនាគតទីនេះនឹងក្លាយជាសម្បត្តិវប្បធម៌ជាតិ ជាប្រវត្តិសាស្ត្រសក្ការៈបូជាដ៏ល្អប្រណិត និងជារមណីយដ្ឋានទេសចរណ៍ព្រះពុទ្ធសាសនា ធម្មជាតិពណ៌ បៃតងស្រស់ញញឹមលើឆាកជាតិនិងអន្តរជាតិ។នៅក្នុងទិទិវាដ៏នក្ខត្តឫក្ស និងមានអត្ថន័យយ៉ាងជ្រាលជ្រៅនេះ សម្តេចក្រុមព្រះ នរោត្តម ចក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង មានព្រះបន្ទូល លើកទឹកចិត្តឱ្យកូនចៅជាទីស្រលាញ់ទាំងអស់ ចូលរួមថែរក្សា ការពារព្រៃឈើ និងដាំដើមឈើនៅទូទាំងប្រទេស ។ ព្រះអង្គមានបន្ទូលទៀតថា ពិធីដាំដើមឈើ នាឱកាសនេះ ជាវប្បធម៌ដ៏ប្រសើរ ដែលព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ អាជ្ញាធរជាតិគ្រប់ថ្នាក់ និងបងប្អូនទាំងអស់នៅទូទាំងប្រទេសបានចូលរួមដាំដើមឈើ ដោយមានទស្សនរួមគឺ ការចូលរួមដាំដើមឈើ និងការពារព្រៃឈើ គឺជាការជួយខ្លួនឯង ទាំងជីវភាពរស់នៅប្រចាំថ្ងៃ ទាំងសុវត្ថិភាពពីគ្រោះធម្មជាតិ ទាំងក្តីសង្ឃឹមសម្រាប់កូនចៅជំនាន់ក្រោយ របស់យើង។ នៅក្នុងទិទិវាដ៏នក្ខត្តឫក្ស សម្តេចក្រុមព្រះ នរោត្តម ចក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ព្រះរាជតំណាងបានប្រទានអំណោយនិមិត្តរូបជូនដល់ ដូនជី តាជី សិស្សានុសិស្ស យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយឫទ្ធិ បុគ្គលិកបម្រើការងារ ព្រមទាំងយាងដាំកូនឈើជានិមិត្តរូបនាឱកាសនោះផងដែរ។ពិធី “ដាំដើមឈើ” ដែលកំពុងប្រារព្ធធ្វើនាពេលនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ ព្រោះការដាំដើមឈើបាន ផ្តល់ផលប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា៖ កាត់បន្ថយជាតិពុលក្នុងបរិយាកាស, ការបន្ថយការប្រើប្រាស់ ថាមពល និងតម្រូវការម៉ាស៊ីនត្រជាក់, បន្ថយសីតុណ្ហភាព, ជួយកាត់បន្ថយការហូរច្រោះ, កាត់បន្ថយការបំពុលបរិស្ថានកម្រិតអូហ្សូន និងផ្សែងអ័ព្ទ, ធ្វើឱ្យបរិស្ថាន និងសុខភាពសាធារណៈមានភាពប្រសើរឡើង ដែលមិនអាចបង្ក គ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗជាយថាហេតុ។ តមក សម្តេចក្រុមព្រះ នរោត្តម ចក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ព្រះរាជតំណាង បានយាងទតមហាប្រាសាទព្រះធម្មចេតិយទី១និងកន្លែងសមាធិវិបស្សនា ។ សូមជម្រាបថា មហាប្រាសាទព្រះធម្មចេតិយទី១ គឺជាមហាប្រាសាទតតម្កល់នូវព្រះត្រៃបិដកធ្វើអំពីថ្មម៉ាប ១.១៧០ផ្ទាំង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូផ្លូវបេតុង ៩ខ្សែប្រវែង ៣.១៥០ ម៉ែត្រ និងសមិទ្ធផលសំខាន់ៗនានា ទើបត្រូវបានធ្វើពិធីសម្ពោធឆ្លងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។
សម្តេចក្រុមព្រះ នរោត្តម ចក្រពង្ស ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត ក្នុងកម្មវិធី ដាំដើមឈើ នៅមជ្ឍមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅឧទ្យានជាតិ ព្រះសុរាម្រិតកុសុមៈ គិរីរម្យ