ខេត្តបាត់ដំបង ៖ នាថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៤ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្រ្តៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះ ព្រមទាំងអនុប្រធានក្រុមការងារចល័តចម្រុះ សមាជិកក្រុមការងារចល័តចម្រុះ និងកងកម្លាំងពាក់ព័ន្ធ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅផ្លូវលេខ១៦០ គីឡូម៉ែត្រលេខ៣៤ ភូមិបវេល២ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
ប្រតិបត្តិការខាងលើ ក្រុមការងារបានត្រួតពិនិត្យយានយន្តសរុបចំនួន ០៤គ្រឿង មានបំពាក់ឡូហ្គូ H.C និង TS បានដឹកលើសទម្ងន់កម្រិតកំណត់ទាំងអស់ ដែលលេីសទម្ងន់ចាប់ពី ១៧-៥០ តោន គិតជាភាគរយគឺលេីសពី៦០% ទៅដល់១១០% នៃច្បាប់អនុញ្ញាត ត្រូវបានពិន័យ និងឃាត់ទុករយៈពេល ១ឆ្នាំ ចំនួន ០៣គ្រឿងដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។
គួរបញ្ជាក់ថា ទម្ងន់ដឹកជញ្ជូនអតិបរមា លេីបណ្តាញផ្លូវថ្នល់ តាមប្រភេទយានយន្តដូចខាងក្រោម៖
- យានយន្តភ្លៅ ២ ទម្ងន់អនុញ្ញាត ១៦តោន
- យានយន្តភ្លៅ ៣ ទម្ងន់អនុញ្ញាត ២៥តោន
- យានយន្តភ្លៅ ៤ ទម្ងន់អនុញ្ញាត ៣០តោន
- យានយន្តសណ្តោងរ៉ឺម៉ក ឬសណ្តោងសឺមីរ៉ឺម៉ក ដែលមានភ្លៅ៥ ទម្ងន់អនុញ្ញាត ៤០តោន
- យានយន្តសណ្តោងរ៉ឺម៉ក ឬសណ្តោងសឺមីរ៉ឺម៉ក ដែលមានភ្លៅ៦ ឡេីងទៅ ទម្ងន់អនុញ្ញាត ៤៥តោន
- ចំពោះប្រភេទយានយន្តផ្សេងទៀត សូមពិនិត្យលើតារាងរូបភាពជូនភ្ជាប់។
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមបញ្ជាក់ដល់គ្រប់ភាគីពាក់ព័ន្ធបញ្ឈប់រាល់វប្បធម៌អន្តរាគមន៍នៅពេលមានការឃាត់យានយន្តដឹកលើសទម្ងន់កម្រិតកំណត់ និងស្នេីសុំដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ ម្ចាស់រថយន្តធុនធ្ងន់ និង អ្នកបេីកបររថយន្តធុនធ្ងន់ទាំងអស់ដែលប្រកបរបរដឹកជញ្ជូនទំនិញ សូមបញ្ឈប់ការប្រេីប្រាស់ឡូហ្គូផ្សេងៗបិទជាប់ឡាន និងកុំដឹកជញ្ជូនទំនិញលេីសទម្ងន់កម្រិតកំណត់ ហេីយចូលរួមអនុវត្ត និងគោរពឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ស្តីពីផ្លូវថ្នល់ជាធរមាន។ ក្រសួងនឹងបន្តចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់ និងសេចក្ដីជូនដំណឹងខាងលើយ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែង៕ប្រភពផេកក្រសួងសាធារណការនិងដឹកជញ្ជូន