ខេត្តបាត់ដំបង ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា មការងារព័ត៌មាននិងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រាបជូនសាធារណជនអ្នកសារព័ត៌មាន និងមហាជនអ្នក ប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា នាវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០២៤ នេះសមត្ថកិច្ចបានបង្រ្កាបចាប់ខ្លួនជនសង័្សយក្នុងករណីឃា-ត-ក-ម្ម លើស្រ្តីវ័យចំណាស់កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នៅក្រុងបាត់ដំបងនោះបានហើយ។
កិច្ចប្រតិបត្តិការនេះធ្វើឡើងចាប់តាំងពីថ្ងៃទី៦ខែ កក្កដា ឆ្នា២០២៤ រហូតមកមានរយៈពេល៩ថ្ងៃ ក្រោម បញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយមានការចូលរួមសហការណ៍ពីអាជ្ញាធរមូលដ្ឋានសមត្ថកិច្ចពាក់ព័ន្ធ កងប្រជាការពារ និងមហាជនរួមទាំងអ្នកប្រើប្រាស់បណ្តាញសង្គមផង។
ជនសង្ស័យឈ្មោះ សឿន ទន់ ភេទប្រុស អាយុ២៥ឆ្នាំ ត្រូវបានសមត្ថកិច្ចនគរបាចាប់ខ្លួនក្នុងភូមិសាស្រ្តឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ហើយខណៈនេះកំពុងបន្តនាំខ្លួនមកកាន់ស្នងការដ្ឋានដើម្បីធ្វើការសាកសួរស្រាវជ្រាវ។
ស្ថិតនៅចំពោះមុខនៃកិច្ចប្រតិបត្តិការនេះ មួយនេះក្នុងនាមថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងលោក ឧត្តមសេនីយ៍ទោ សាត គឹមសាន សូមសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំរបស់កងកម្លាំងនគរបាល ទាំងអស់ និងអរគុណជាពន្លឹកចំពោះអាជ្ញាធរមូលដ្ឋានសមត្ថកិច្ចពាក់ព័ន្ធ កងប្រជាការពារនិងមហាជន ដែលបានចូលរួមទាំងកម្លាំងកាយ កម្លាំងចិត្តនិងស្មារតី តាមគ្រប់មធ្យោបាយនានា រួមទាំងអ្នកប្រើប្រាស់បណ្តាសបណ្តាញសង្គមផង ដែលបានរួមចំណែកខ្វាយខ្វល់ពីការលំបាករបស់សមត្ថកិច្ចក្នុងកិច្ចប្រតិបត្តិការដ៏ស្មុគ្រស្មាញមួយនេះតាំងពីពេលដំបូងរហូតទទួលបានជោគជ័យ។
ជនសង្ស័យខាងលើនឹងត្រូវបញ្ជូនទៅវិនិច្ឆ័យទោសតាមផ្លូវច្បាប់នៅក្រោយពេលរៀបចំកសាងសំណុំរឿងរួច ៕