កិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម បានជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅតំបន់ភាគឦសានកម្ពុជា
ព័ត៌មានជាតិ
129

យោងតាមកិច្ចព្រមព្រៀង ស្តីពីការជំរុញនិងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ឆ្នាំ២០១៦ បានចែងអំពីភារកិច្ចរបស់ភាគីទាំង៣ ក្នុងការស្វែងរកយុទ្ធសាស្ត្រ សំខាន់ៗជាច្រើន ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងមិត្តភាពផ្អែកលើគោល ការណ៍សមភាព និងប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងបី។

នៅក្នុងមាត្រា៥ ស្តីពីពិព័រណ៍ពាណិជ្ជកម្មនិងការតាំងពិព័រណ៍បានចែងថា ទី១ភាគីទាំង៣ ក៏បានឯកភាពថា ភាគីទាំងអស់គួរតែគិតគូរកៀរគរមូលនិធិក ដើម្បីគាំទ្រការជំរុញពាណិជ្ជកម្មពីម្ចាស់ជំនួយនានា។

ទាក់ទងសកម្មភាពអភិវឌ្ឍន៍នៅក្នុងទឹកដីកម្ពុជាក្នុង៤ខេត្ត គឺខេត្ត ក្រចេះ ស្ទឹងត្រែង រតនគីរី និង មណ្ឌលគីរី តាមរយៈកិច្ចព្រមព្រៀងតំបន់អភិវឌ្ឍន៍ត្រីកោណនេះ ត្រូវបានលោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលើកឡើងថា កម្ពុជាមានឱកាសទទួលបាននូវការវិនិយោគលើគម្រោងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណនេះ ចំនួន៥គម្រោងអាទិភាពដែលជាហិរញ្ញប្បទានក្របខណ្ឌ CLV របស់ជប៉ុន។

ដោយឡែកគម្រោងចំនួន៣០២ ផ្សេងទៀតដែលជាគម្រោង ODA (Oversea development Assistance) ត្រូវបានកម្ពុជាទទួលបានពីដៃគូអភិវឌ្ឍន៍ មានដូចជា World Bank មាន ADB មាន USAID មានILO និងបណ្តាប្រទេសពីខាងអឺរ៉ុប មានបារាំង បែលហ្សិក អេស្បាញ ស៊ុយអែតជាដើម។

នៅក្នុងមាត្រា៥ នៃកិច្ចព្រមព្រៀង ស្តីពីការជំរុញនិងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាមនេះទៀតបានចែងអំពីភារកិច្ចរបស់បណ្តាភាគី ដើម្បីសម្របសម្រួលក្នុងការសហការរៀបចំពិព័រណ៍ពាណិជ្ជកម្ម ឬសកម្មភាពជំរុញពាណិជ្ជកម្មនានា។

ចំណែកឯ មាត្រា៦ ស្តីពីបេសកកម្មស្រាវជ្រាវនិងស្ទង់មតិទីផ្សារនិងការផ្គូរផ្គងធុរកិច្ច បានចែងថា បណ្តាភាគីលើកទឹកចិត្តឲ្យមានបេសកកម្មស្រាវជ្រាវនិងស្ទង់មតិទីផ្សារ ព្រមទាំងរៀបចំការផ្គូរផ្គងធុរកិច្ច ដើម្បីជំរុញពាណិជ្ជកម្ម ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ក្នុងចំណោមបណ្តាភាគី។

យោងតាមជំពូក៣ ស្តីពីការសម្រួលពាណិជ្ជកម្ម នៅក្នុងមាត្រា៧ ស្តីពីពាណិជ្ជកម្មទំនិញបានចែងថា ទី១- បណ្តាភាគីឯកភាពបង្កើនសកម្មភាពនាំចេញនាំចូលដោយអនុលោមតាមច្បាប់និងបទប្បញ្ញត្តិរបស់ប្រទេសនីមួយៗ និង តាមការអនុវត្តរបស់អន្តរជាតិ។

ទី២- បណ្តាភាគីឯកភាពពង្រឹងគុណភាពគ្រប់គ្រងទំនិញឆ្លងកាត់ព្រំដែនក្នុងចំណោមខេត្តនានាក្នុងតំបន់ CLV និងលើកទឹកចិត្ត ឲ្យមានវិធីធ្វើពាណិជ្ជកម្មតាមបែបដោះដូរមិនប្រើសាច់ប្រាក់ ជំរុញការនាំចេញនាំចូល និងពាណិជ្ជកម្ម តាមព្រំដែន ដើម្បីជំរុញការផ្លាស់ប្តូរទំនិញក្នុងចំណោមខេត្តនានា ក្នុងតំបន់ CLV ។

ជាមួយគ្នានេះមាត្រា១០ ស្តីពីពាណិជ្ជកម្មតាមព្រំដែនបានចែងថា ទី១- បណ្តាភាគីត្រូវបានលើកទឹកចិត្តឲ្យផ្តល់លក្ខខណ្ឌល្អប្រសើរដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជននៅតាមតំបន់ព្រំដែន ដោយជំរុញឲ្យមានការផ្លាស់ប្តូរទំនិញ និងការស្នើឲ្យមានគោលនយោបាយអនុគ្រោះលើទំនិញដែល បានផលិតក្នុងតំបន់ CLV ។

ឆ្លងកាត់កិច្ចព្រមព្រៀងនេះ បានធ្វើអោយការនាំចេញរបស់កម្ពុជាទៅឡាវមានការកើនឡើងរហូតទៅដល់ ២៧២ភាគរយ នៅក្នុង៧ខែដើមឆ្នាំ២០២៤នេះ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ខណៈការនាំចេញពីកម្ពុជាទៅវៀតណាម មានការកើនឡើង៣៨ភាគរយ នៅក្នុង៧ខែដើមឆ្នាំ២០២៤ យើងនេះ។


Telegram