សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានរម្លឹកប្រវត្តិសាស្ត្រកម្ពុជាដែលបានបាត់បង់ទឹកដីទៅប្រទេសជិតខាងកន្លងទៅដោយសារខ្មែរបែកបាក់គ្នា ខ្វះសាមគ្គីភាព និងឯកភាពជាតិជាធ្លង់មួយ ទើបធ្វើឱ្យយើងបាត់បង់ទឹកដីគួរឱ្យសោកស្ដាយជាទីបំផុត។
ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី៩នៅវិទ្យាជាតិអប់រំ នាព្រឹកថ្ងៃទី១៥ ខែសីហានេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា បើយើងនៅតែឈ្លោះគ្នា សង្ស័យគ្នាបន្តទៀត យើងនឹងបន្តបាត់បង់ទឹកដីបន្តទៀត មានតែការរួមគ្នាចូលរួមអភិវឌ្ឍន៍ជាតិឱ្យខ្លាំងទេ ទើបយើងអាចរក្សាទឹកដីយើងបាន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា«គ្មានបរទេសណាមកប្រឈមមុខជាមួយខ្មែរទេ ប៉ុន្ដែខ្មែកំពុងប្រឈមមុខដាក់ខ្មែរគ្នាឯង។ រឿងនេះ គឺត្រូវឱ្យខ្មែរយោគយល់គ្នា ឯកភាពគ្នា បើមិនដូច្នេះទេរឿងនេះនឹងនាំឱ្យខ្មែរមានជម្លោះគ្នាឯង បែកបាក់សាមគ្គីជាតិដូចជាប្រវត្តិសាស្រ្តដែលខ្មែរធ្លាប់បានជួបប្រទះពីអតីតកាល»។
ការបកស្រាយប្រវត្តិសាស្ត្រពន្យល់របស់សម្ដេចធិបតីនេះ ឆ្លើយតបទៅនឹងប្រជាពលរដ្ឋមួយចំនួនបារម្ភអំពី កិច្ចសហប្រតិបត្តិការ នៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ខ្លាចបាត់បងទឹកដី។ ផ្ទុយទៅវិញ ប្រមុខរាជរដ្ឋាភិបាលប្រកាសអភិវឌ្ឍន៍ក្នុងតំបន់ត្រីកោណនេះ ឱ្យកាន់តែរីកចម្រើន និងធានាមិនឱ្យបាត់បង់ឡើយ។
សូមជម្រាបជូនថា ពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ នៅវិទ្យាស្ថានជាតិអប់រំ មានចំនួន ១ ២០០នាក់៕ប្រភពផេកក្រសួងព័ត៍មាន