សម្តេចធិបតី​ ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីទទួលវត្ថុបុរាណខ្មែរ ចំនួន​៧០​ ដែលបានប្រគល់ត្រឡប់មកមាតុភូមិវិញ
ព័ត៌មានជាតិ
212

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីទទួលវត្ថុបុរាណខ្មែរ ចំនួន​៧០​ ដែលបានប្រគល់ត្រឡប់មកមាតុភូមិវិញ ក្រោយពីត្រូវបានបាត់បង់អស់រយៈពេលរាប់សិបឆ្នាំ។

ការយាងត្រឡប់មកវិញនៃព្រលឹងដូនតាខ្មែរនាពេលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងជាប់មិនដាច់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ និងជាមួយប្រទេសនានា ជាពិសេស រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈរដ្ឋអាជ្ញាសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ និងការិយាល័យរដ្ឋអាជ្ញាសង្កាត់ម៉ាន់ហាថាន ។ ក្នុងចំណោមវត្ថុវិចិត្រទាំងនេះ មានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាពិសេស បដិមាថ្មធំៗដ៏ប្រណិតដូចជា បដិមាទេពនៃទេវកថាមហាភារតៈ បដិមាព្រះឥសូរ នាងឧមា និងបដិមាព្រះអឌ្ឍនារីស្វរៈ មកពីអតីតរាជធានីកោះកេរ ព្រមទាំងព្រះសិរនៃព្រះលោកេសូរ ដែលត្រូវបានផ្គុំភ្ជាប់ឡើងវិញជាមួយនឹងដងខ្លួនរបស់ព្រះអង្គដែលស្ថិតនៅសារមន្ទីរជាតិភ្នំពេញ។

ក្នុងពិធីដែលបានប្រារព្ធនៅវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤នេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រសួងវប្បធម៌​ និងវិចិត្រសិល្ប:​ និងក្រុមការងារពាក់ព័ន្ធ​ ព្រមទាំងបណ្តាសារព័ត៌មានទាំងជាតិ​ និងអន្តរជាតិ​ ដែលបានរួមចំណែកក្នុងការបំពេញបេសកកម្មជួយឱ្យវត្ថុបុរាណដ៏មានតម្លៃរបស់ខ្មែរ​ បានមកមាតុប្រទេសវិញ​ ដើម្បីនឹងតម្កល់ជូនប្រជាជនខ្មែរ​ និងគ្រប់អ្នកទេសចរបានមកសិក្សាឈ្វេងយល់ដោយផ្ទាល់នៃប្រភពកំណើតនៃកេរតំណែលរបស់បុព្វបុរសខ្មែរបន្សល់ទុកដល់កូនចៅជំនាន់ក្រោយៗរហូតដល់បច្ចុប្បន្ន៕


Telegram