សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តួចផ្តើមបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន» និងជំរុញការអភិវឌ្ឍភូមិភាគឦសាន
ព័ត៌មានជាតិ
161

នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តួចផ្តើមបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន» ដែលមានគោលដៅពីរ គឺ កៀរគរថវិកាបន្ថែម និងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋទូទាំងប្រទេសបានចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅតាមបណ្តោយព្រំដែន ដោយផ្តោតការយកចិត្តទុកដាក់ពិសេសលើផ្លូវក្រវាត់ព្រំដែន។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្កើតគំនិតផ្តួចផ្តើមពីរទៀត ដើម្បីជំរុញការអភិវឌ្ឍភូមិភាគឦសាននោះគឺទី១. ប្រគល់ភារកិច្ចជូន ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងអភិបាលនៃគណៈអភិបាលខេត្តជាប់ព្រំដែនទាំង៤ (CLV-DTA) រៀបចំ «កម្មវិធីកម្សាន្តទិសឦសានដោយឥតគិតថ្លៃ» ចាប់ពីខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤ និងទី២. គឺប្រគល់ភារកិច្ចជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំកញ្ចប់លើកទឹកចិត្តជំរុញការវិនិយោគតំបន់ឦសានឱ្យបានចប់សព្វគ្រប់នៅចុងឆ្នាំ២០២៤នេះ ដើម្បីចាប់ផ្តើមអនុវត្តនៅដើមឆ្នាំ២០២៥។

សម្តេចធិបតី ក៏បានណែនាំឱ្យគ្រប់ថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តអប់រំ ផ្សព្វផ្សាយអំពីតំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពុជា វៀតណាម ឡាវ (CLV-DTA) ឱ្យបានទូលំទូលាយជូនសិស្ស និស្សិត និងប្រជាពលរដ្ឋ៕


Telegram