ក្រសួងព័ត៌មាន ផ្សព្វផ្សាយឯកសារផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការដើម្បីអនុវត្ត និងសម្រេចឱ្យបានចក្ខុវិស័យក្រសួងព័ត៌មាន
ព័ត៌មានជាតិ
89

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ បានផ្សព្វផ្សាយឯកសារផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការដើម្បីអនុវត្ត និងសម្រេចឱ្យបានចក្ខុវិស័យក្រសួងព័ត៌មាន ដែលជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល។

ឯកសារផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ឆ្នាំ២០២៤-២០២៨នេះ ត្រូវបានរៀបចំចងក្រងបោះពុម្ពឡើងដោយគណៈកម្មាធិការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន។

ឯកសារផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ របស់ក្រសួងព័ត៌មាន គឺជាផែនការអាណត្តិកាលសម្រាប់រយៈពេល៥ឆ្នាំ ដែលត្រូវបានរៀបចំដើម្បីចូលរួមលើកកម្ពស់ការដ្ឋានកំណែទម្រង់របស់រាជរដ្ឋាភិបាល លើវិស័យព័ត៌មាន និងសោតទស្សន៍ ក្នុងគោលបំណងជំរុញការកសាង និងអភិវឌ្ឍធនធានមនុស្ស រក្សានូវសណ្តាប់ធ្នាប់សារព័ត៌មាន បង្កើនគុណភាពមាតិកា ខ្លឹមសារ និងការផលិត គណៈកម្មាធិការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍របស់ក្រសួងព័ត៌មាន ត្រូវបានបង្កើតដើម្បីដឹកនាំ និងតម្រង់ទិសការសិក្សាស្រាវជ្រាវ និងរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រ ព្រមទាំងវិភាគ ផ្តល់យោបល់ និងផ្តល់ទស្សនាទានលើបញ្ហាប្រឈម និងឱកាសផ្អែកលើមូលដ្ឋានសេដ្ឋកិច្ច សង្គម និងនយោបាយ ដើម្បីពង្រីកសក្តានុភាព តាមរយៈការរៀបចំកម្មវិធី/សកម្មភាពឆ្លើយតបនឹងតម្រូវការក្នុងវិស័យព័ត៌មាន និងសោតទស្សន៍។

ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ឆ្នាំ២០២៤-២០២៨ ត្រូវបានរៀបចំឡើងដើម្បីកំណត់ពីការរួមចំណែកគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ គោលនយោបាយរដ្ឋាភិបាល ឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ ២០២៤-២០២៨។

ក្នុងន័យនេះ ក្រសួងព័ត៌មាន បានកំណត់នូវទិសដៅយុទ្ធសាស្រ្តចំនួន៥ គឺទី១៖ ការធ្វើទំនើបកម្មស្ថាប័ន និងការកសាងរដ្ឋបាលទំនើប, ទី២៖ ការពង្រឹងបទដ្ឋានបច្ចេកទេស និងការទទួលខុសត្រូវវិជ្ជាជីវៈ ទី៣៖ ការអភិវឌ្ឍធនធានមនុស្សនិងបណ្តុះស្មារតីមនសិការវិជ្ជាជីវៈ, ទី៤៖ ការរៀបចំប្រព័ន្ធ និងយន្តការគ្រប់គ្រងលំហព័ត៌មាន និងទី៥៖ ការបង្កើនភាពជាដៃគូប្រកបដោយបរិយាប័ន្ន និងស័ក្តិសិទ្ធភាព។

តាមរយៈផែនការយុទ្ធសាស្ត្រនេះ ក្រសួងព័ត៌មានរំពឹងថានឹងសម្រេចបាននូវទិសដៅជាយុទ្ធសាស្ត្រចំនួន៥គឺទី១៖កំណែទម្រង់ការគ្រប់គ្រង និងដំណើរការការងាររដ្ឋបាលដើម្បីធានានូវប្រសិទ្ធភាព និងគុណភាពការងារ, ទី២៖ ការកំណត់បទដ្ឋានច្បាប់/ គតិយុត្ត និងបទដ្ឋានបច្ចេកទេសព្រមទាំងប្រព័ន្ធវាយតម្លៃការងារ, ទី៣៖ ការកសាង និងអភិវឌ្ឍសមត្ថភាពជំនាញគ្រប់គ្រងដឹកនាំ និងជំនាញបច្ចេកទេស, ទី៤៖ ការគ្រប់គ្រងលំហព័ត៌មានប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពដោយផ្អែកលើមូលដ្ឋាននៃការផ្ដល់ព័ត៌មានទូលំទូលាយ និងទាន់សភាពការណ៍ប្រកបដោយគុណភាព និងសុវត្ថិភាព និងទី៥៖ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីដើម្បីផលប្រយោជន៍រួម៕


Telegram