ឯកឧត្ដម នេត្រ ភក្រ្ដា អំពាវនាវដល់អ្នកសារព័ត៌មានដែលមិនទាន់ចុះបញ្ជីនៅក្រសួងព័ត៌មាន សូមមកបំពេញបែបបទឱ្យបានត្រឹមត្រូវដើម្បីអនុវត្តន៍ការងារប្រកបដោយវិជ្ជាជីវៈ និងទទួលបានការការពារស្របតាមផ្លូវច្បាប់
ព័ត៌មានជាតិ
72

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានបន្តអំពាវនាវដល់អ្នកសារព័ត៌មានដែលមិនទាន់បានមកចុះបញ្ជីនៅក្រសួងព័ត៌មាន សូមអញ្ជើញមកបំពេញបែបបទចុះបញ្ជីឱ្យបានត្រឹមត្រូវដើម្បីអនុវត្តន៍ការងារប្រកបដោយវិជ្ជាជីវៈ និងទទួលបានការការពារស្របតាមផ្លូវច្បាប់ ហើយបើសិនជាអ្នកសារព័ត៌មានបំពេញកិច្ចការងារដោយមានគ្មានច្បាប់អនុញ្ញាតនោះទេ គឺជួបការលំបាកព្រោះមិនស្ថិតក្រោមការការពារនៃច្បាប់ពេញលេញនោះទេ ហើយ “ទាំងអស់គ្នាស្មើភាពគ្នានៅចំពោះមុខច្បាប់” ។ ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលជំនាញស្តីពី «ការសរសេរដំណឹងទាន់ហេតុការណ៍» ដែលរៀបចំឡើងដោយមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន និងវិក្រឹត្យការ នៃក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីអ្នកសារព័ត៌មាន និងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រមាណជាង ៦០នាក់ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន ។

ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍លើកឡើងអំពីស្ថានភាពអ្នកសារព័ត៌មាននៅកម្ពុជានាពេលបច្ចុប្បន្នគឺមានអ្នកសារព័ត៌មានចំនួនប្រមាណ ១០ ០០០ នាក់ ក្នុងនោះ មានអ្នកសារព័ត៌មានចំនួន ៨ ០០០នាក់ បានធ្វើការចុះបញ្ជីត្រឹមត្រូវនៅក្រសួងព័ត៌មាន។ ឯកឧត្ដមបានគូសបញ្ជាក់ថា ការណ៍ដែលអ្នកសារព័ត៌មានមកចុះបញ្ជីឱ្យបានត្រឹមត្រូវគឺដើម្បីប្រតិបត្តិការការងារជាអ្នកសារព័ត៌មាន ស្របតាមផ្លូវច្បាប់ ហើយក្រសួងព័ត៌មាន ផ្តល់នូវមេធាវីជួយការពារដល់អ្នកសារព័ត៌មាន ដែលប្រកបវិជ្ជាជីវៈបានត្រឹមត្រូវតាមផ្លូវច្បាប់ និងស្របតាមក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ។

ក្នុងកាសនោះ ឯកឧត្តម រដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ក្រសួងព័ត៌មាន មិនបានចាត់ទុកអង្គភាព ស្ថាប័នសារព័ត៌មាន តូច ឬធំ ណានោះទេ គឺមានតម្លៃស្មើគ្នា អាចធ្វើការចុះបញ្ជីក្នុងប្រព័ន្ធគ្រប់គ្រងរួមតែមួយ ដើម្បីការពារនូវតម្លៃរបស់អ្នកសារព័ត៌មាន ដែលមានកាតចេញដោយក្រសួងព័ត៌មាន បំពាក់ដោយ QR Code សម្រាប់ប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ដោយសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដើម្បីទប់ស្កាត់ការក្លែងបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មាន ៕


Telegram