សមត្ថកិច្ចឃា./ត់ខ្លួនមុខសញ្ញាម្នាក់ ករណីលួចសន្លឹកទ្វារបន្ទប់ព្រះវិហារយេស៊ូនៅស្រុកបាណន់
សន្តិសុខសង្គម
66

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៥និង២២នាទី នៅចំណុចភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីលួច (សន្លឹកទ្វារ) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពចូលលួចសន្លឹកទ្វារឈើ និងសន្លឹកទ្វារដែក នៃបន្ទប់ព្រះវិហារយេស៊ូ និងបានដាក់ពាក្យបណ្តឹងដោយឈ្មោះ ទុំ ឈឿត ភេទប្រុស អាយុ៦២ឆ្នាំ មានទីលំនៅភូមិរំចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង រាយការណ៍ថាបាត់សន្លឹកទ្វារឈើ និងសន្លឹកទ្វារដែក នៃបន្ទប់ព្រះវិហារយេស៊ូ ស្ថិតនៅចំណុចកើតហេតុខាងលើអស់បានបាត់មួយចំនួន ក្នុងព្រះវិហារព្រះយេស៊ូ នោះបានបិទផ្អាកដំណើរការ និងបិទទ្វារទុកគ្មានអ្នកដេកចាំ ។

ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កំលាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល នៃអធិការដ្ឋាននគរបាលស្រុកបាណន់ ដឹកនាំដោយលោកវរសេនីយ៍ទោ សំ វីរ: អធិការនគរបាលស្រុកបាណន់ បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង១៦និង១៥នាទី សមត្ថកិច្ចបានកំណត់អត្តសញ្ញាណឈានដល់ការនាំខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ ហាន ដារ៉ា ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកបាណន់ ។

ក្រោយពីបានសាកសួរជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលលួចដោះយកសន្លឹកទ្វារឈើ ជាមួយផ្ទាំងសន្លឹកទ្វារដែក និងវង់បង្អួចដែកនៅក្នុងបន្ទប់នៃព្រះវិហារយ៉េស៊ូ នៅចំណុចកើតហេតុខាងលើប្រាកដមែន ។

វត្ថុតាងដកហូតបានរួមមាន៖

-សន្លឹកទ្វារឈើចំនួន ០៤សន្លឹក(ទ្វារ០២វង់)

-សន្លឹកទ្វារជ័រពណ៍ប្រផេះចំនួន០១សន្លឹក

-ទ្វារដែកមានជាប់លួសសំណាញ់ ០១ផ្ទាំង(០២សន្លឹក)

-បង្អួចដែកចំនួន ០១វង់ ។

ករណីនេះ ជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលស្រុកបាណន់សាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។ នេះបើយោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិផ្សាយ ៕


Telegram