រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ អធិការនគរបាលខណ្ឌច្បារអំពៅ ដឹកនាំកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនដៃដល់ ដែលបានធ្វើសកម្មភាពកាប់ម៉ូតូនៅមុខផ្សារច្បារអំពៅបានចំនួនម្នាក់ និងបក្ខពួក ចំនួនម្នាក់ទៀត នៅវេលាម៉ោង៨ និង៥០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ។
ក្រុមក្មេងទំនើងជាជនដៃដល់ទី១មាន ឈ្មោះ ប៉ាវ ស៊ីណា ចំណែកបក្ខពួកម្នាក់ទៀត ឈ្មោះ លន់ វិល្លៀម ត្រូវបានសមត្ថកិច្ចក្របួចបានក្រោយពីធ្វើសកម្មភាព ។
សូមបញ្ចាក់ថា៖ក្រោយពីក្រុមក្មេងទំនើង និងបក្ខពួកបានធ្វើសកម្មភាពកាប់បំផ្លាញម៉ូតូមួយគ្រឿងកាលពីវេលាម៉ោង០៩ និង២០នាទីយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បណ្តាលឳ្យម៉ូតូម៉ាក Honda Scoopy ពណ៌ក្រហម ខូតខាតក្បាំងមុខ និងកុងទ័រម៉ូតូ ប៉ុន្តែពុំបណ្តាលឱ្យជនរងគ្រោះ ជាអ្នកបើកបរម៉ូតូរងរបួសទេ។
ករណីនេះ កើតឡើងនៅមុខផ្សារច្បារអំពៅ តាមបណ្តោយផ្លូវលេខ៣៦៩ ស្ថិតក្នុងភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជុំវិញករណីខាងលើកម្លាំងសមត្ថកិច្ចជំនាញ បាននិងកំពុងស្វែងរកឃាត់ខ្លួនក្រុមជនបង្កបន្ថែមទៀតផងដែរ ៕ដោយ៖លីណា