ខេត្តស្វាយរៀង៖ ផឹកស្រវឹងនឹកឃើញគំនុំចាស់ចាក់២កាំបិតស្នៀតរំសាយកំហឹងបណ្តាលឲ្យបុរសម្នាក់បានស្លាប់នៅពាក់កណ្តាលផ្លូវ ខណៈដែលក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ។ ហេតុការណ៍ចាក់សម្លាប់នេះបានកើតឡើងកាលពីថ្ងៃទី១៦ ខែ មករា ឆ្នាំ២០២៥ វេលាម៉ោង០៦ និង៣០នាទីល្ងាចនៅចំណុចភូមិ ពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ជុំវិញករណីខាងលើសមត្ថកិច្ចបានឲ្យដឹងថាដោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយធំ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានករណីឃាតកម្ម បង្កដោយជនសង្ស័យឈ្មោះរ័ត្ន ណាគ្រី ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ បានផឹកស្រាស្រវឹង កាន់កាំបិតស្នៀត និងដាវដើរទៅចាក់ជនរងគ្រោះឈ្មោះ រស់ សាវី ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករនៅភូមិឃុំជាមួយគ្នា ត្រូវចំនួន០២កាំបិត មួយកាំបិតត្រូវចំពោះ និងមួយកាំបិតទៀតត្រូវចំឆ្អឹងជំនីរខាងឆ្វេង បណ្តាលឲ្យ រងរបួសធ្ងន់ បន្ទាប់មកបងប្អូនបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីពេទ្យ ពេលដល់កណ្តាលផ្លូវជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ។
ក្រោយពីទទួលព័ត៌មានបានភ្លាមៗលោកអធិការនគរបាលស្រុកស្វាយជ្រំ បានដឹកនាំកម្លាំងជំនាញស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយធំ និងកម្លាំងកងរាជអាវុធហត្ថស្រុកស្វាយជ្រំ ចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវទើបដឹងថាជនសង្ស័យក្រោយពីបង្កហេតុបានរត់គេចខ្លួនចូលទៅលាក់ខ្លួននៅក្នុងផ្ទះបងប្អូន បន្ទាប់មកសមត្ថកិច្ចបានព័ទ្ធចាប់ ប៉ុន្តែដោយជនសង្ស័យមានអាវុធកាន់ជាប់នឹងដៃ ជនសង្ស័យបានវាយផ្ទះបងប្អូនបណ្តាលឳ្យបែកកញ្ចក់បង្អួច ទ្វារផ្ទះ និងសម្ភារប្រើប្រាស់រងការខូចខាត រហូតដល់ម៉ោង១១យប់ ទើបសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យបាន ។ពេលសមត្ថកិច្ចឃាត់បាន ស្រាប់តែបងប្អូនជនរងគ្រោះ និងប្រជាពលរដ្ឋជាច្រើននាក់បានវាយទៅលើជនសង្ស័យបណ្តាលឲ្យមានរបួសផងដែរ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឳ្យដឹងថាព្រោះតែខ្លួនធ្លាប់មានរឿងឈ្លោះគ្នាជាច្រើនលើក ច្រើនសារជាមួយជនរងគ្រោះ។ ក្រោយពេលសមត្ថកិច្ចឃាត់ខ្លួនធ្វើការសួរនាំ ហើយបានបញ្ចូនខ្លួនជនសង្ស័យនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖លីណា