រាជធានីភ្នំពេញ៖ បន្តាប់បានឃើញការផ្សព្វផ្សាយព័ត៌មាននេះ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការកោះហៅមន្ត្រីនគរបាលចរាចរណ៍ចំនួន០២រូប មកសាកសួរបំភ្លឺជំវិញការចោទប្រកាន់របស់ស្ត្រីខាងលើ ដើម្បីធ្វើរបាយការណ៍ រាយការណ៍ជូនថ្នាក់ដឹកនាំពិនិត្យសម្រេច។
ពាក់ព័ន្ធករណីនេះដែរ គឺជាករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូម៉ាក Scoopy ពណ៌ ស ពាក់ផ្លាកលេខ តាកែវ 1V-0441 និងកង់ បណ្តាលឱ្យមានរបួសស្រាលចំនួន០២នាក់ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង២២:៣០នាទី។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ វាស់វែង និងយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដោយបានអញ្ជើញភាគីទាំងសងខាង ដើម្បីដោះស្រាយតាមនីតិវិធី។
បន្ទាប់ពីសួរនាំរួច ភាគីទាំងសងខាងបានយល់សម្របសម្រួល ឯកភាព ដោយភាគីអ្នកតំណាងម្ចាស់ម៉ូតូយល់ព្រមសងសំណងចំនួន ៣០០.០០០រៀល (៣០ម៉ីនរៀល) ដល់ភាគីអ្នកជិះកង់ ចំណែកប្រាក់ចំនួន១៥ម៉ឺនរៀល ខាងភាគីអ្នកតំណាងម្ចាស់ម៉ូតូបានជួយឧបត្ថម្ភដល់មន្ត្រីផ្នែកជំនាញ ដោយស្ម័គ្រចិត្តដោយឃើញសមត្ថកិច្ចបានប្រឹងប្រែងជួយសម្របសម្រួលដោះស្រាយបញ្ហាជូនគាត់ ដោយសមត្ថកិច្ចមិនបានទាមទារថវិកាពីគាត់នោះទេ ចំណែក៥ម៉ឺនរៀលទៀត គឺថ្លៃឈ្នួលរ៉ឺម៉កឯកជនដឹកម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។ បន្ទាប់ពីដោះស្រាយបញ្ចប់រឿង សមត្ថកិច្ចប្រគល់ម៉ូតូឱ្យទៅអ្នកតំំណាងម្ចាស់ម៉ូតូ។ ទើបបន្ទាប់មកមានវត្តមានស្ត្រីម្នាក់ ដែលមានអាខោន Tiktok ឈ្មោះ Navin Kong ដែលជាសាច់ញាតិភាគីម៉ូតូ បានមកនិយាយលេងជាមួយសមត្ថកិច្ច ហើយមិនបានសួរហេតុផលចំពោះសមត្ថកិច្ចនោះទេ បន្ទាប់មកក៏ជម្រាបលា សមត្ថកិច្ចទៅផ្ទះវិញ។ លុះដល់ត្រឡប់ទៅដល់ផ្ទះស្ត្រីរូបនោះក៏បានបង្ហោះវីដេអូចោទប្រកាន់សមត្ថកិច្ចដូចខាងលើ។
ជុំវិញការចោទប្រកាន់នេះ សមត្ថកិច្ចក៏បានធ្វើការទំនាក់ទំនងបុរសអ្នកតំណាងម្ចាស់ម៉ូតូ មកសួរនាំបំភ្លឺចំពោះស្រ្តីខាងលើបង្ហោះតាមបណ្តាញ Tiktok ចោទប្រកាន់សមត្ថកិច្ច តែអ្នកតំណាងម្ចាស់ម៉ូតូមិនព្រមចូលខ្លួនដោះស្រាយ ដោយលើកហេតុផលថារវល់ការងារមិនមានពេលជួបសមត្ថកិច្ចនោះទេ ដោយឡែកចំពោះស្ត្រីម្នាក់ ដែលមានអាខោន Tiktok ឈ្មោះ Navin Kong បានបង្ហោះវីដេអូចោទប្រកាន់សមត្ថកិច្ច សមត្ថកិច្ចក៍បានទំនាក់ទំនងឲ្យចូលខ្លួនដើម្បីបំភ្លឺដោះស្រាយ តែសមត្ថកិច្ចបានទំនាក់ទំនងជាច្រើនដង ដោយស្ត្រីរូបនោះមិនបានសហការចូលមកបំភ្លឺដោះស្រាយនោះទេ។
ពាក់ព័ន្ធករណីនេះដែរ លោកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការព្រមាន និងធ្វើកិច្ចសន្យាជាមួយមន្ត្រីផ្នែកជំនាញ កុំឱ្យប៉ះពាល់យកថវិកាពីប្រជាពលរដ្ឋ៕