កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ២៣:០០ នាទី មានគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងនៅចំណុចខាងត្បូងបុរីរ៉ាន្នី លេីផ្លូវបេតុង៤២ ស្ថិតនៅភូមិព្រៃតាកែ សង្កាត់បឹងធំ ខណ្ឌកំបូល រវាងរថយន្ត Prius ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2BR-4663 និងរថយន្ត Prius ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2BE-3634។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ មន្ត្រីជំនាញបានចុះទៅដល់កន្លែងកេីតហេតុ ពិនិត្យមើល និងសាកសួរដំណើររឿងគ្រោះថ្នាក់ចរាចរណ៍ គឺរថយន្តទាំង០២គ្រឿងនោះមានបញ្ហាវ៉ាជែងគ្នាទៅវិញទៅមក ចាប់តាំងពីផ្សារបែកចាន រហូតដល់កន្លែងកើតខាងលើ។ ដោយមុនពេលកើតហេតុ រថយន្ត Prius ពណ៌ក្រហម ដែលបានដឹកប្រពន្ធនិងកូនតូច០២នាក់ បានបើកវ៉ាជែងរថយន្ត Prius ពណ៌ទឹកមាស បន្ទាប់មករថយន្តទាំង០២គ្រឿងបើកបរមានលក្ខណៈឌឺដងដាក់គ្នា ដោយរថយន្ត Prius ពណ៌ទឹកមាស ក៏បើកវ៉ាជែងជិតនឹងប៉ះរថយន្ត Prius ពណ៌ក្រហម ខណៈនោះអ្នកបើកបររថយន្ត Prius ពណ៌ក្រហមបាន ស៊ីផ្លេដាក់រថយន្ត Prius ពណ៌ទឹកមាស ហើយរថយន្ត Prius ពណ៌ទឹកមាស ក៏បានឈប់ ហើយបើកថយក្រោយ បានប៉ះនឹងរថយន្ត Prius ពណ៌ក្រហម ហើយក៏ប្រកែង និងបម្រុងបង្កហិង្សាដាក់គ្នា នៅពេលនោះអ្នកបើកបររថយន្ត Prius ពណ៌ក្រហម ស្នើសុំឱ្យសមត្ថកិច្ចពិនិត្យជាតិអាល់កុលលើអ្នកបើកបររថយន្ត Prius ពណ៌ទឹកមាស ដែលសង្ស័យថាបើកបរក្នុងស្ថានភាពស្រវឹង។
បន្ទាប់មករថយន្ត Prius ពណ៌ទឹកមាស បានបើកទៅមុខខណៈនោះអ្នកបើកបរថយន្តក៏បើកដេញតាមក្រោយដើម្បីចង់ដឹងផ្ទះអ្នកបើករថយន្ត Prius ពណ៌ទឹកមាស នៅកន្លែងណា ដើម្បីមានគម្រោងដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចករណីហិង្សា។ ខណៈនោះរថយន្ត Prius ពណ៌ក្រហម ដេញតាមពីក្រោយប្រកិត ក៏រថយន្ត Prius ពណ៌ទឹកមាស ចាប់ហ្វ្រាំងឈប់ ក៏បណ្តាលឱ្យរថយន្ត Prius ពណ៌ក្រហម ជ្រុលបុកពីក្រោយរថយន្ត Prius ពណ៌ទឹកមាស បណ្តាលឱ្យរងការខូចខាតរថយន្ត Prius ពណ៌ក្រហម ផ្នែកខាងមុខ។
ក្រោយមកភាគីខាងរថយន្ត Prius ពណ៌ទឹកមាស បានហៅបក្ខពួករបស់ខ្លួនដែលជិះរថយន្តម៉ាក Mazda ពាក់ផ្លាកលេខ ភ្នំពេញ 2BR-4328 មករំដោះខ្លួន(អ្នកបើកបររថយន្ត Prius ពណ៌ទឹកមាស) ចេញពីកន្លែងកេីតហេតុ មានបំណងគេចវេសទើបសមត្ថកិច្ចបានដេញតាមហៅម្ចាស់រថយន្តបង្កឱ្យត្រឡប់មកវិញ ដើម្បីដោះស្រាយជាមួយភាគីម្ចាស់រថយន្តរងគ្រោះ។ បន្ទាប់មកភាគីទាំង០២ ក៏បានសម្របសម្រួល ដោយភាគីរថយន្ត Prius ពណ៌ទឹកមាស បានសងសំណងថ្លៃខូចខាត ចំនួន១៥០ដុល្លារ ( មួយរយហាសិបដុល្លារ) ដល់រថយន្ត Prius ពណ៌ក្រហម ដើម្បីបញ្ចប់រឿង។ បន្ទាប់មកសមត្ថកិច្ចបានអញ្ជើញអ្នកបើកបររថយន្ត Prius ពណ៌ទឹកមាស ឱ្យសហការពិនិត្យជាតិអាល់កុល ប៉ុន្តែនៅពេលនោះអ្នកបើកបររថយន្ត Prius ពណ៌ទឹកមាស បានរត់គេចខ្លួនចូលផ្ទះបងប្អូននៅក្បែរកន្លែងកើតហេតុ ខណៈនោះសមត្ថកិច្ចក៏ដេញតាម ដើម្បីឱ្យចូលខ្លួនមកសហការ ប៉ុន្តែអ្នកបើកបររថយន្ត Prius ពណ៌ទឹកមាស មិនព្រមសហការនោះទេ សមត្ថកិច្ចក៏ដកថយទៅវិញ។ បន្ទាប់មកសមត្ថកិច្ចក៏នាំរថយន្ត Prius ពណ៌ទឹកមាស មករក្សាទុកប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងធំ ដើម្បីរង់ចាំឱ្យអ្នកបើកបររថយន្ត Prius ពណ៌ទឹកមាស ចូលមកទទួលរថយន្តរបស់ខ្លួន។
លុះមកដល់ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចបានព្យាយាមទំនាក់ទំនងអ្នកបើកបររថយន្ត Prius ពណ៌ទឹកមាស ឱ្យចូលមកដោះស្រាយ បកស្រាយបំភ្លឺជុំវិញការបង្ហោះផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ប៉ុន្តែភាគីអ្នកបើករបរថយន្ត Prius ពណ៌ទឹកមាស មិនព្រមចូលមកដោះស្រាយ និងទទួលយករថយន្តរបស់ខ្លួននោះទេ។
(សូមស្តាប់ការបកស្រាយភាគីរថយន្ត Prius ពណ៌ក្រហម រងគ្រោះ)