បាត់ដំបង៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង០៤និង១០នាទីទាបភ្លឺ នៅចំណុចផ្ទះក្រុមទី1ភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មានករណីលួចមានស្ថានទម្ងន់ទោស (កាច់កម៉ូតូ) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចយកម៉ូតូ របស់ជនរងគ្រោះឈ្មោះ ណុល ម៉េងឆុន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរជាងដែក នៅចំណុចកើតហេតុខាងលើជាមួយ ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ2017 ពាក់ស្លាកលេខបាត់ដំបង 1AH-0027 ចំនួន ០១គ្រឿង យកទៅបាត់ ។
ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកកំរៀង រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង នៃអធិការដ្ឋាននគរបាលស្រុកកំរៀង ដឹកនាំដោយលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ នៅថ្ងៃខែឆ្នាំ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណឈានដល់ការនាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឡេង សុធាភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរ កម្មករ យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកំរៀង ។
ក្រោយពីបានសាកសួរជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួច កាច់កម៉ូតូ របស់ជនរងគ្រោះយកទៅលាក់ទុកនៅក្នុងព្រៃ ពិតប្រាកដមែន ។ វត្ថុតាងដកហូតបានរួមមាន៖ ម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ2017 ពាក់ស្លាកលេខ បាត់ដំបង 1AH-0027 ។
ករណីនេះ ជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលស្រុកកំរៀង សាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕