យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថានបានអោយដឹងថា នៅថ្ងៃទី២៧មករាឆ្នាំ២០២៥នេះ នៅគ្រប់រាជធានីខេត្តមិនបានស្ថិតនៅក្នុងតំបន់ពណ៌ក្រហមនោះទេ បានន័យថា មិនមានតំបន់ណាដែលគ្របបណ្តប់ដោយខ្យល់ពុលគួរអោយភ័យខ្លាចនោះឡើយ។
យ៉ាងណាក៏ដោយតំបន់ដែលមានពណ៌ទឹកក្រូចនៅមាន១ខេត្តគឺខេត្តពោធិសាត់ដែលមានខ្យល់ពុលក្នុងកម្រិតមធ្យម ហើយខេត្តប៉ៃលិននិងខេត្តកោះកុងនៅក្នុងតំបន់ពណ៌លឿង ដែលមានកម្រិតខ្យល់ពុលក្នុងកម្រិតស្រាល។
សូមរំលឹកថា ឈានចូលខែមករាឆ្នាំ២០២៥នេះ ប្រទេសកម្ពុជា បានទទួលរងខ្យល់ពុលដែល ចាប់ពីថ្ងៃទី២២មករាមកមានការកើនឡើងកំហាប់សារធាតុបំពុលខ្យល់ជាពិសេសការ កើនឡើងកំហាប់ភាគល្អិត និចលដែលមាន វិជ្ឈមាឌតូចជាង ឬ ស្មើ ២,៥មីក្រូម៉ែត្រ (PM2.5) នៅក្នុងបរិយាកាស។ កាលពីថ្ងៃទី២៣មករា ខ្យល់ពុលបានគ្រប់បណ្តាប់ខេត្តបន្ទាយមានជ័យ ខេត្តកោះកុង ខេត្តសៀមរាប និងរាជធានីភ្នំពេញ។ហើយបន្ទាប់មកខ្យល់ពុលនេះបានប្តូរពីគ្រប់បណ្តាប់នៅភ្នំពេញទៅគ្រប់បណ្តាប់នៅលើខេត្តពោធិសាត់វិញ។ ហើយនៅថ្ងៃទី២៦មករាម្សិលមិញខ្យល់ពុលនេះបានរសាយពីខេត្តបន្ទាយមានជ័យនិងខេត្តកោះកុងហើយ។
ក្រសួងបរិស្ថានបាន រាយបណ្តាក់ឧបករណ៍និងស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់ចំនួន ៦០កន្លែងនៅទូទាំងប្រទេសដើម្បីតាមឃ្លាំមើលនិងរាយការណ៍២៤ម៉ោងលើ២៤ម៉ោងអំពីការប្រែប្រួលកម្រិតខ្យល់ពុលដើម្បីមានវិធានការណ៍ឆ្លើយតបនិងការពារសុខភាពប្រជាពលរដ្ឋអោយទាន់ពេលវេលា។
យោងតាមឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានបញ្ជាក់ថា ហេតុបង្កឱ្យមានការកើនឡើងការបំពុលខ្យល់កាលពីសប្តាហ៍មុននេះ មានជាអាទិ៍ ការបញ្ចេញផ្សែងពីរោងចក្រឧស្សាហកម្ម ពីយានយន្តប្រើប្រាស់ប្រេងម៉ាសូត និងពីចំហេះឥន្ធនៈ ផ្សេងទៀត ភ្លើងឆេះព្រៃ ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជ្រាំង ការដុតសំរាម ការដុតសំណល់ប្លាស្ទិក នៅតាមទីវាល និងទីលានចាក់សំណល់ ការដ្ឋានសំណង់ជាដើម។
ជាមួយគ្នានេះកម្ពុជាទទួលឥទ្ធពលខ្យល់បក់ពីសមុទ្រចិនខាងត្បូងនាំយកមកជាមួយនូវកំហាប់ខ្យល់ពុលមកពីបណ្តាលប្រទេសនៅជុំវិញទៀតផង។
ដើម្បីចូលរួមថែរក្សាគុណភាពខ្យល់នៅកម្ពុជាឱ្យបានល្អបន្តទៀត ឯកឧត្តម អ៊ាង សុផល្លែត បានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជាមិនត្រូវធ្វើសកម្មភាពណាមួយ បណ្ដាលឱ្យប៉ះពាល់គុណភាពខ្យល់ដូចជា ការដុតសំរាម ការដុតព្រៃ ការដុតជញ្ជ្រាំងនៅតាមវាលស្រែ និងការដុតប្លាស្ទិក ជាដើម។
សូមបញ្ជាក់ថា នៅក្នុងពេលដែលខ្យល់ពុលបានឡើងដល់កម្រិតខ្ពស់ ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំ អោយប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់ក្រហមត្រូវយកចិត្តទុកដាក់ការពារសុខភាពខ្លួន និងសមាជិកក្រុមគ្រួសារ តាមរយៈកាត់បន្ថយសកម្មភាពចេញខាងក្រៅផ្ទះ ឬនៅទីវាល ហើយបិទបង្អួច និងទ្វារ ដើម្បីបង្ការខ្យល់មិនល្អពីខាងក្រៅចូលក្នុងផ្ទះ ឬពាក់ម៉ាស ក្នុងករណីចាំបាច់។ ប្រសិនបើមានរោគសញ្ញាផ្លូវដង្ហើមដូចជា ពិបាកដកដង្ហើម ក្អក ហត់ ត្រូវប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត៕








