សម្រាប់ថ្ងៃទី២៩ខែ មករា ឆ្នាំ២០២៥ មានភ្ញៀវទេសចរដើរលេងកម្សាន្តតាមបណ្តាតំបន់រម្មណីយដ្ឋាននានា នៅទូទាំងខេត្តកែបចំនួន15,996 នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន 15 881នាក់។
នេះបើតាមការបញ្ជាក់ពីលោក ប៉ុក ទាំង ប្រធានស្តីទី នៃមន្ទីរទេសចរណ៍ខេត្តកែប នាល្ងាចនេះ។
លោក ប៉ុក ទាំង បានអោយដឹងថា សម្រាប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ពោលក្នុងពិធីបុណ្យចូលឆ្នាំចិននេះ បងប្អូនប្រជាពលរដ្ឋបានចេញដើរលេងកម្សាន្តនៅបណ្តាទីតាំងសំខាន់ៗមាន មានឆ្នេរលេងទឹកស្រីស ផ្សារក្តាម ឆ្នេរអង្កោល និងឆ្នេរកោះទន្សាយជាដើម។ ក្នុងនោះដែរ នារសៀលថ្ងៃនេះ លោកបានដឹកនាំក្រុមការងារ ចុះពិនិត្យតាមដានការផ្តល់សេវានានារបស់អាជីវករ ទៅកាន់អ្នកទេសចរ ជាពិសេសនៅឆ្នេរលេងទឹកស្រីស និងផ្សារក្តាម ដើម្បីបង្ការបាតុភាពណាមួយកើតឡើង រវាងអ្នកផ្តល់សេវា និងអ្នកទទួលសេវា។
លោក ប៉ុក ទាំង បានបន្តថា កន្លងទៅមិនថា ពិធីបុណ្យទាន ឬថ្ងៃឈប់សម្រាក មន្ទីរទេសចរណ៍ អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធផ្សេងទៀត តែងចុះអប់រំ អាជីវករទាំងអស់ក្នុងការធ្វើបដិសណ្ឋារកិច្ចជូនភ្ញៀវទេសចរអោយមានរបៀបរៀបរយល្អ ទាំងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ អនាម័យ បរិស្ថាន និងការលក់ដូរដោយភាពរួសរាយរាក់ទាក់ និងស្មោះត្រង់ជាដើម ដើម្បីផ្តល់នូវទំនុកចិត្តជូនដល់អ្នកទេសចរ៕