បន្ទាយមានជ័យ៖ អគ្គីភ័យបានឆាបឆេះតូបលក់ដូររបស់អាជីវករអស់ជាច្រើនតូបនៅក្នុងផ្សារត្រីក្រុងប៉ោយប៉ែតទាំងកណ្តាលអាធ្រាតុបង្កការភ្នាក់ផ្អើលនៅថ្ងៃសែនចូលឆ្នាំប្រពៃណីយ៍ចិននិងវៀតណាម នៅវេលាម៉ោង១២អាធ្រាត្រឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជូនកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងវរៈនគរបាលការពារព្រំដែនគោកលេខ៨៩១,៩១១ ជាង១០០ នាក់ នាំយករថយន្តទឹកចំនួន០៤គ្រឿង សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ជួយអន្តរាគមន៍ពន្លត់កន្លែងកើតហេតុ រហូតដល់វេលាម៉ោង២៤:៥០នាទី ទើបគ្រប់គ្រងបាននិងភ្លើងរលត់ទៅវិញទាំងស្រុង។
លោកវរៈសេនីយ៍ឯក ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ករណីអគ្គីភ័យឆាប់ឆេះផ្សារត្រី បានបណ្ដាលឲ្យ ឆេះតូបអស់ចំនួន ៣តូប គឺតូបសាឡន១ តូបអីវ៉ាន់ចាបហួយ១ និងតូបលក់ខោអាវ១ អីវ៉ាន់ឆេះទាំងស្រុង តែមិនបានបណ្ដាលឱ្យជនណាម្នាក់រងរបួស ឬស្លាប់បាត់បង់ជីវិតឡើយ៕