បន្ទាយមានជ័យ៖ ជនសង្ស័យ០៩នាក់ ជាមុខសញ្ញាក្មេងទំនើង និងជាក្រុមវាយកាប់ចាក់ប្រជាពលរដ្ឋយកទ្រព្យសម្បត្តិពេលរាត្រី នៅក្រុងប៉ោយប៉ែត ត្រូវនគរបាលជំនាញផែនព្រហ្មទណ្ឌ សហការជាមួយកម្លាំង អធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត ស្រាវជ្រាវឃាត់ខ្លួនយកមកសួរនាំជាបន្តបន្ទាប់។
ក្រោយទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងនគរបាលបាលជំនាញ និងកម្លាំងធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត ស្រាវជ្រាវនិងឈានដល់ការឃាត់ខ្លួនជនសង្ស័យ បានចំនួន០៩នាក់ មាន១នាក់-ជនសង្ស័យឈ្មោះវ៉ាន់ សុធី ហៅ ហួរ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានឆ្លើយសារភាពថាខ្លួនពិតជា បានធ្វើសកម្មភាពប្លន់យកម៉ូតូនៅម៉ោង ២ជាងទាបភ្លឺចូលថ្ងៃទី ២៥ខែមករាឆ្នាំ ២០២៥ នៅមុខហាងប្តូរប្រាក់យីហោ សុធារ៉ា។
លុះរំលងអធ្រាតុ វេលាម៉ោង០០និង២០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ កម្លាំងបានស្រាវជ្រាវ និងឃាត់ខ្លួនបក្ខពួកចំនួន៨នាក់ទៀត ដែលជាបក្ខពួក អង្គុយផឹកទឹកកាធុមជាមួយជនដៃដល់ នៅចំនុចដំណក់ទឹក ស្ថិតក្នុងភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យកមកអធិការដ្ឋានដើម្បីសួរនាំ។
នៅចំពោះមុខសមត្ថកិច្ចសួរនាំ ជនសង្ស័យឈ្មោះ វ៉ាន់ សុធី ហៅ ហួរ ពិតជាបានប្រព្រឹត្តលួចមានស្ថានទម្ងន់ទោស(កាប់យកម៉ូតូ)ពិតប្រាកដមែន ចំណែកបក្ខពួកសេសសល់ ដែលបានកំពុងរត់គេចខ្លួន កម្លាំងជំនាញកំពុងបន្តស្រាវជ្រាវដើម្បីចាប់ខ្លួន។ ចំពោះជនសង្ស័យ០៨នាក់ផ្សេងទៀត មិនបានចូលរួមប្លន់ទេ តែក្រោយពិនិត្យទឹកនោម រកឃើញថា ពួកគេមានសារធាតុញៀន។
បច្ចុប្បន្នក្រោយសួនាំ ជនសង្ស័យទាំង០៩នាក់ ត្រូវបានកម្លាំងការិយាល័យជំនាញ កសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី ៕



