មកដឹងលំអិតជុំវិញករណីអគ្គិភ័យឆាបឆេះឃ្លាំផ្ញេីរឡាន និងម៉ូតូបណ្តាលមកពីឆ្លងចរន្តអគ្គិសនី (មានវីដេអូ)
សន្តិសុខសង្គម
220

អគ្គិភ័យបានឆាបឆេះឃ្លាំង មួយកន្លែង បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០និង៤០នាទីយប់ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ ដែលស្ថិតចំណុចឃ្លាំង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ដោយមានការអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ដោយទទួលបានបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន០១គ្រឿង ប្រើប្រាស់ទឹក អស់០១ឡាន ស្មេីរនឹង០៦ម៉ែត្រគូប ។

ដោយឡែកចំពោះប្រភេទរថយន្តខាងលើនេះ គឺ រោងផ្ញេីរឡាន ទំហំ (៤ម៉ែត្រ x ១៦ម៉ែត្រ) ឆេះខូចខាតសម្ភារៈរួមមាន រថយន្តចំនួន០១គ្រឿង ម៉ាកToyota Takuma ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-0487, ម៉ូតូកង់បី (Pass A pp) ចំនួន០១គ្រឿង ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1GR-8344, ម៉ូតូ០១គ្រឿង ម៉ាក HONDA DREAM C125 ពណ៍ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1AG-8185, ម៉ូតូ០១គ្រឿង ម៉ាក HONDA DREAM C125 ពាក់ស្លាកលេខ កំពត 1L-1154, ម៉ូតូ០១គ្រឿង ម៉ាក HONDA DREAM C125 ពាក់ស្លាកលេខ ភ្នំពេញ 1KX-9327, ម៉ូតូ០១គ្រឿង ម៉ាក SUZUKI LET ពាក់ស្លាកលេខ កំពង់ធំ 1T-2117, ម៉ូតូ០១គ្រឿង ម៉ាក HONDA WAVE ពណ៍ខ្មៅ គ្មានស្លាកលេខ និងបារ៉ែតអស់មួយចំនួន។ ចំពោះគ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើង ធ្វើការបាញ់ឲ្យរលត់ទៅវិញ នៅវេលាម៉ោង ១២និង០០នាទីយប់រំលងអាធ្រាតនាថ្ងៃខែឆ្នាំដដែរ។

ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃេីញថា គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនីបង្ករជាអគ្គិភ័យ។ ដោយឡែក នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ គឺមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡើយ នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ៕





Telegram