ប្រទះឃើញសពជាងកាត់សក់ម្នាក់ ស្លាប់ក្នុងផ្ទះជួល ដោយមានស្នាមឈាម ...
សន្តិសុខសង្គម
78

រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលទាំងព្រឹក ខណៈប្រទះឃើញសពបុរសម្នាក់ ជាជាងកាត់សក់ចល័ត ដេកស្លាប់នៅក្នុងបន្ទប់ជួលមួយកន្លែង ដោយមានស្នាមឈាម ផ្អើលសមត្ថកិច្ចជំនាញចុះមកធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ ស្ថិតតាមផ្លូវរថភ្លើង ក្នុងសង្កាត់បឹងកក់ទី០២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ពង្ស រតនៈ អាយុ៣៣ឆ្នាំ មុខរបរជាជាងកាត់សក់ចល័ត ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ម្ចាស់បន្ទប់ជួលបានមកទារលុយថ្លៃបន្ទប់ជួល ដោយបានហៅជនរងគ្រោះខាងលើ តែមិនលឺឆ្លើយសោះ ទើបរុញទ្វារចូល ក៏ប្រទះឃើញជនរងគ្រោះ ដេកផ្កាប់មុខស្លាប់ និងឃើញមានក្អួតធ្លាក់ឈាម នៅទីតាំងចំនុចកើតហេតុផងដែរ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅសមត្ដកិច្ចជំនាញផ្នែកកោសល្យវិច័យនៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះពិនិត្យដោយបានបានសន្និដ្ឋានថា សពជនរងគ្រោះស្លាប់ដោយសារ គាំងបេះដូង និងប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕


Telegram