ជិតចូលឆ្នាំ សង្ស័យដាច់យ៉ៃ ចេញធ្វើសកម្មភាព ត្រូវសមត្ថកិច្ចក្របួចជាប់
សន្តិសុខសង្គម
73

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ជិតចូលឆ្នាំ សង្ស័យដាច់យ៉ៃ បែកគំនិត លួចគាស់បង្អួចកញ្ចក់ស៊ុមអីណុកពីផ្ទះរបស់បងប្អូនប្រជាពលរដ្ឋក្នុងបុរីតាហោ ត្រូវសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ស្រាវជ្រាវឃាត់ខ្លួនបាន ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ ចំណុចក្នុងបុរីតាហោភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហោ ចិន្តា ភេទស្រី អាយុ៣៣ឆ្នាំ មានទីលំនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ។ ចំណែកជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ ជា ចាន់ណា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានសារធាតុញៀនក្នុងទឹកនោម(+)។

ក្នុងនោះ វត្ថុតាងចាប់យក៖ បង្អួចកញ្ចក់ស៊ុមដែកណុកចំនួន៦ផ្ទាំង(របស់ជនរងគ្រោះ)។

សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានឲ្យដឹងថា មុនពេលកើតហេតុ មានជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចដោះបង្អួចកញ្ចក់ស៊ុមអ៉ីណុកបាន៦ផ្ទាំងចេញពីបុរីតាហោស្តិតនៅក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្តាល។ លុះក្រោយកើតហេតុ ក៏ត្រូវកម្លាំងនគរបាលប៉ុស្តិ៍នគរបាលកំពង់សំណាញ់ ចុះស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធីតែម្តង។

តាមការសាកសួរជនសង្ស័យបានឆ្លើយថា គាត់ពិតជាបានធ្វើសកម្មភាពលួចបង្អួចកញ្ចក់ស៊ុមអ៉ីណុករបស់ជនរងគ្រោះប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅកសាងសំណុំរឿងតាមនីតិវិធីច្បាប់បន្តទៀត ៕


Telegram